![]() |
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល |
ភ្នំពេញ៖ ក្រសួងសុខាភិបាលស្នើឲ្យប្រជាពលរដ្ឋ ពិសេសកុមារតូចៗ និងមនុស្សចាស់ ផឹកទឹកឲ្យបានច្រើន ខណៈឆ្នាំនេះប្រទេសកម្ពុជាកើនកម្តៅ ដែលសីតុណ្ហភាពនឹងឡើងរហូតដល់ទៅ៤០-៤២ អង្សាសេ យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើរឡើងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ផលប៉ះពាល់បម្រែបម្រួលអាកាសធាតុនារដូវក្ដៅ និងការឆ្លើយតបទប់ស្កាត់ក្នុងកិច្ចថែរក្សាសុខមាលភាពសាធារណៈ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សន្និសីទនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
ទន្ទឹមគ្នានេះ លោកជំទាវវេជ្ជបណ្ឌិតមានប្រសាសន៍ថា ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាពនឹងអាចបណ្ដាលឲ្យបាត់បង់ជីវិត ដោយសារបញ្ហាជំងឺបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗ នៅក្នុងរដូវក្ដៅនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកលើបញ្ហាសុខភាព។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល ៖ “អាកាសធាតុក្ដៅខ្លាំង អាចនឹងបណ្ដាលឲ្យយើងស្លាប់បានដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែផ្សេងៗ ធ្វើឱ្យយើងដួលសន្លប់ ! ...កុំទុកគាត់យូរ ត្រូវប្រញាប់នាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់...”។
![]() |
រូបភាពដកស្រង់ពីហ្វេសប៊ុក UNICEF Cambodia |
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អាកាសធាតុអតិបរមាមធ្យមនឹងស្ថិតនៅក្នុងរង្វង់ ៣៦ ទៅ ៣៨ អង្សារសេ។ ប៉ុន្តែនៅក្នុងខែមេសា និងឧសភា ឆ្នាំ២០១៩ នេះ អាកាសធាតុនឹងក្តៅហួតហែងខ្លាំង ហើយពេលខ្លះសីតុណ្ហភាពនឹងកើនឡើងដល់ចន្លោះពី៤០ ទៅ៤២ អង្សារសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។
តាមអ្នកឯកទេសខាងសុខភាព បានឱ្យដឹងថាមនុស្សស្រីពេញវ័យគួរតែទទួលទានទឹក ២.៧ លីត្រក្នុងមួយថ្ងៃ និងមនុស្សប្រុសពេញវ័យគួរទទួលទានទឹក ៣.៧ លីត្រក្នុងមួយថ្ងៃ។ ករណីខ្លះដែលអ្នកគួរទទួលទានទឹកបន្ថែម ប្រសិនបើអ្នករស់នៅតំបន់ក្តៅ ឬក៏ប្រើប្រាស់កម្លាំងពលកម្មច្រើន។
អត្ថបទ ម៉ៅ សំណាង
Comments
Post a Comment