ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការបើកដំណើរការមន្ទីរពេទ្យស្រ្ដីនគរទេពនាពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្ពុជា ជួយព្យាបាលជំងឺមហារីកជូនដល់ស្ដ្រីនិងកុមារកម្ពុជាដែលមានជីវភាពខ្វះខាត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទន្ទឹមគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរជនទាំងក្នុងនិងក្រៅប្រទេសឱ្យបន្តជួយឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យស្រ្ដីនគរទេព ដើម្បីឱ្យមន្ទីរពេទ្យនេះដំណើរការទៅដោយរលូន និងធានានិរន្តភាពក្នុងការព្យាបាលជំងឺស្ដ្រីនិងកុមារ។
របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកឱ្យដឹងថា អត្រាអ្នកស្លាប់ដោយសារជំងឺមហារីកមានប្រមាណ ៨,២លាននាក់ក្នុងមួយឆ្នាំ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះបង្កឡើងដោយជំងឺមហារីក មានដូចជា មហារីកសួត, មហារីកថ្លើម, និងមហារីកសុដន់ជាដើម។ ដោយឡែកជំងឺមហារីកសុដន់ បច្ចុប្បន្នបានជាប្រធានបទថ្មី និងចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅនៅទូទាំងពិភពលោក។
ជំងឺមហារីកមាត់ស្បូនជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីនៅទូទាំងពិភពលោក។ ការស្លាប់៩០%នៃជំងឺនេះកើតមាននៅក្នុងប្រទេសក្រីក្រនិងប្រទេសមានចំណូលមធ្យម។ ជំងឺនេះបង្កឡើងដោយមេរោគ papilloma virus ហើយត្រូវចម្លងតាមរយៈការរួមភេទ។ នេះបើតាមអត្ថបទព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ចុះផ្សាយឆ្នាំ២០១៩ នេះ។
![]() |
ប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធនិងបើកឱ្យដំណើរការ "មន្ទីរពេទ្យស្រ្ដីនគរទេព" កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ |
ក្នុងពិធីសម្ពោធនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងជាស្ថាបនិកមន្ទីរពេទ្យស្រ្ដីនគរទេព មានប្រសាសន៍ថា មូលនិធិនគរទេព បានអង្គាសថវិកាពីសប្បុរសជនដើម្បីសាងសង់មន្ទីរពេទ្យស្រ្តីនគរទេព។ លោកជំទាវថា នេះជាការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល ដោយមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងបម្រើផលប្រយោជន៍ជាសាធារណៈ រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីឱ្យស្ត្រីមានឱកាសលើកកម្ពស់ស្ថានភាពសុខភាពរបស់ខ្លួនកាន់តែប្រសើរ។
ជាងនេះទៅទៀត លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា "មន្ទីរពេទ្យនេះបានសហការជាមួយគ្រូពេទ្យក្នុងស្រុក និងក្រៅប្រទេស មានឧបករណ៍ទំនើបៗ ចាប់ដៃគ្នាព្យាបាលជំងឺមហារីកជូនស្ដ្រី និងកុមារកម្ពុជាឱ្យមានប្រសិទ្ធភាព"។
មន្ទីរពេទ្យស្ត្រីដ៏ធំនេះ ចំណាយពេលសាងសង់រយៈពេលជិតប្រាំមួយឆ្នាំ ដោយចាប់ផ្តើមដំណើរការសាងសង់តាំងឆ្នាំ២០១៣ ចំណាយទឹកប្រាក់អស់ប្រមាណជាង ៣០លានដុល្លារអាមេរិក។ មន្ទីរពេទ្យស្រ្តីនគរទេព បង្កើតទ្បើងដោយស្ថាបនិកចំនួនបួនរូប មានអ្នកស្រី រស់ ព្រីប៊ុន, អ្នកស្រី ជេនី រីតស្កេស, លោកជំទាវ អ៊ឹង កន្ថាផាវី និងលោក Trac Thai Sieng។
មន្ទីរពេទ្យស្រ្ដីនគរទេព មានទីតាំងនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។ វិភាគទានថវិការទៅកាន់មន្ទីរពេទ្យស្រ្តីនគរទេព តាមរយៈសេវាភ្នាក់ងាវីង (Wing) បាននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ឬទាក់ទងទៅអង្គការតាប៊ីថា (Tabitha Cambodia) ឬមន្ទីរពេទ្យស្រ្តីនគរទេពដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៥ ៧៧ ៩២ ៨៣ ឬតាមរយៈអ៊ីម៉ែល៖ nokortep@online.com.kh ៕
Comments
Post a Comment