ឧបសគ្គរាំងស្ទះក្នុងការផលិតថាមពលប្រើប្រាស់នៅកម្ពុជា បណ្ដាលមកពីកត្តាបម្រែប្រួលអាកាសធាតុ។ បញ្ហាអាកាសធាតុក្តៅនិងការខ្វះទឹក គឺជាដើមចមធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីមិនអាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់គ្រាន់។ បញ្ហានេះបានកើនឡើងយ៉ាងគំហុកចាប់ពីឆ្នាំ២០១៩។ ត្រង់ចំណុចអគ្គីសនីកម្ពុជាពន្យល់ថា "ខ្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដែលចេញពីរោងចក្រវារីអគ្គិសនីថយចុះ ដោយមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីពេញលេញទូទាំងប្រទេស"។
"គ្មានឡើយការខ្វះខាតថាមពលអគ្គិសនីនៅកម្ពុជា" នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា "ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ នឹងពុំមានការខ្វះខាតទៀតនោះទេ"។
ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បានប្តេជ្ញាថា ត្រឹមឆ្នាំ២០២០ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នាំ២០៣០យ៉ាងហោច៩០ភាគរយនៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់។
ទោះបីក្រសួងរ៉ែនិងថាមពល បានប្តេជ្ញាចិត្តធានាផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានប្រសើរយ៉ាងណាក្តី ក៏លទ្ធភាពក្នុងការផលិតថាមពលអគ្គិសនីក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ក្នុងឆ្នាំ២០២០ ប្រភពថាមពលកើតឡើងវិញ កម្ពុជាអាចផលិតបានប្រមាណតែ ៣៣៣ ម៉េហ្គាវ៉ាត់ និង ២៥១គីឡូវ៉ាត់ប៉ុណ្ណោះ ស្មើនឹង ១.៥៤ភាគរយ នៃថាមពលដែលកម្ពុជាផលិតបានសរុបចំនួន ៧០.៥៣ភាគរយ។
យ៉ាងណាក៏ដោយកង្វះខាតថាមពលនេះ មិនមែនបញ្ហារាំស្ទះខ្លាំងខ្លាដល់ជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចកម្ពុជាឡើយ។ ឆ្លើយតបទៅនឹងតម្រូវការថាមពលប្រើប្រាស់កើនឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តនាំចូលថាមពលដែលមានតម្លៃសមរម្យ តាមរយៈការនាំចូលពីប្រទេសជិតខាង ជាជាងចំណាយលើការផលិតថាមពលអគ្គិសនីដោយខ្លួនឯងផ្ទាល់។ ថ្លៃអគ្គិសនីជាមធ្យមទិញពីក្រៅប្រទេស ក្នុងតម្លៃ១១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បានព្យាករថា តម្រូវការថាមពលរបស់កម្ពុជា ដែលបានមកពីប្រេងឥន្ធនៈទាំងអស់នឹងកើនឡើង៥,៤ ភាគរយជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០៣៥។ កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់ត្រឹមតែ ២៦០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ស្របពេលតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្នរហូតដល់ ៣៩៨៧មេហ្គាវ៉ាត់ ទើបអាចផ្គត់ផ្គង់តម្រូវការថាមពលតំបន់សេដ្ឋកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីកន្លែងកម្សាន្ត លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។
ដើម្បីបានថាមពលប្រមាណ ៤ពាន់មេហ្គាវ៉ាន់ផ្គត់ផ្គង់ទូទាំងប្រទេសនៅក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនីនាំចូលបន្ថែមពីប្រទេសចំនួនបីសម្រាប់តម្រូវការប្រើប្រាស់នៅតាមបណ្តាខេត្តជាប់ព្រំដែន។ ប្រទេសថៃ ឡាវ និងវៀតណាម កំពុងដើរតួនាទីជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីជាច្បងសម្រាប់កម្ពុជា។ សម្រាប់ឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គីសនីពីប្រភពខាងក្រៅចំនួន១,០២១.៧៥ ម៉េហ្គាវ៉ាត់ និង៤,១២០.៧០គីឡូវ៉ាត់ ដែលស្មើនឹង២៩.៤៧ភាគរយ។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០២០ អាជ្ញាធរអគ្គិសនីកម្ពុជា មានផែនការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ថាមពលអគ្គីសនីឱ្យគ្រប់គ្រាន់ផ្គត់ផ្គង់ទូទាំងប្រទេស។ លោកលើកឡើងដូច្នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ចប់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២០។
កន្លងមករដ្ឋាភិបាល បានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីចាប់១គីឡូវ៉ាត់ដល់១០គីឡូវ៉ាត់ក្នុងមួយខែ ហើយត្រូវបង់ថ្លៃ៤៨០រៀលនោះ នឹងត្រូវបញ្ចុះតម្លៃមកបង់ត្រឹម៣៨០រៀល។ ចំណែកពលរដ្ឋប្រើប្រាស់ពី១១ ដល់៥០គីឡូវ៉ាត់មួយខែ ដែលត្រូវបង់ថ្លៃ៦១០រៀល ត្រូវបញ្ចុះថ្លៃមកត្រឹម៤៨០រៀលវិញ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៩ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១,០៣៧ ក្នុងចំណោមភូមិសរុបទាំងអស់ ១៤,១៦៨ភូមិ ដែលក្នុងនោះមានភូមិ ៩៦៤ ស្ថិតក្នុងដែនអាជ្ញាប័ណ្ណដែលបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ៧៣ ស្ថិតនៅក្រៅដែនអាជ្ញាប័ណ្ណ។
អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានសិក្សារួមគ្នាអំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គីសនីប្រើប្រាស់ក្នុងក្របខណ្ឌលទ្ធភាពរបស់អគ្គិសនីកម្ពុជា និងសេវាករឯកជន។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា ក្នុងឆ្នាំ២០២០ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ បាន៧៩៤ ភូមិបន្ថែមទៀត ដូច្នេះនៅឆ្នាំ២០២០នេះ អាចសល់ភូមិចំនួន ២៤៣ទៀត ត្រូវជា១,៧១% ដែលពុំមានការផ្គត់ផ្គងពីបណ្តាញជាតិ។
អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា ភូមិដែលនៅសល់ពុំទាន់មានអគ្គីសនីតបណ្តាញដល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង ជាតំបន់គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាតំបន់រស់នៅបណ្តែតទឹក ជាតំបន់លិចទឹកនៅរដូវវស្សាជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើត្រូវអភិវឌ្ឍន៍ការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ។ បច្ចុប្បន្នក្រសួងរ៉ែនិងថាមពល មានអាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលត្រូវនៅសល់ទាំង ២៤៣នេះ តាមស្ថានភាពជាក់ស្តែងនិងផ្អែកតាមទីតាំងភូមិសាស្ត្រនៃភូមិនីមួយៗ។
ថាមពលកើតឡើងវិញមានដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ប្រភពទឹក និងជីវៈឧស្ម័នជាដើម បានដើរតួនាទីយ៉ាងសំខាន់ការផ្តត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងស្រុក ជួយដល់បរិស្ថាន ព្រមទាំងកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង។
កាលពីឆ្នាំ២០១៧កន្លងទៅ ខេត្តស្វាយរៀងបានដំណើរការឧទ្យានថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា ដែលមានអនុភាព១០មេហ្គាវ៉ាត វិនិយោគទឹកប្រាក់១២.៥លានដុល្លារអាមេរិក មានទីតាំងនៅក្រុងបាវិត។ ការផលិតអគ្គិសនីតាមរយៈការទាយយកថាមពលពីពន្លីព្រះអាទិត្យនេះ វិនិយោគដោយក្រុមហ៊ុន Sunseap Asset និងលក់ភ្លើងឱ្យអគ្គិសនីកម្ពុជាក្នុងតម្លៃ ៩.១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមរយៈកិច្ចសន្យាមានពេល២០ឆ្នាំ។ ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ មានផ្ទៃដីចំនួន ២១ហិចតា និងមានផ្ទាំងសូឡាស្រូបថាមពលចំនួន ៣៣០០០ផ្ទាំង។
ស្ថានីយថាមពលពន្លឺព្រះអាទិត្យថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសាងសង់ក្នុងខេត្តកំពង់ស្ពឺដោយក្រុមហ៊ុន SchneiTec Renewable ក្នុងឆ្នាំ ២០១៩ មានទីតាំងស្ថិតនៅលើផ្ទៃដី ២០០ ហិកតានៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលអាចផលិតថាមពលអគ្គិសនីបានរហូតដល់ ៦០មេហ្គាវ៉ាត់។
វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ ក្រោមការវិនិយោគរួមគ្នាដោយក្រុមហ៊ុនចំនួនបីក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨០០លានដុល្លារអាមេរិក។ ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានសាងសង់ក្រោមវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន Hydrolancang International Energy (៥១ ភាគរយ) ក្រុមហ៊ុនកម្ពុជា រ៉ូយ៉ាល់គ្រុប (៣៩ ភាគរយ) និងក្រុមហ៊ុនវៀតណាម Vietnam Electricity (EVN) (១០ ភាគរយ)។
ថាមពលកកើតឡើងវិញជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាពនៅកម្ពុជា
ថាមពលកើតឡើងវិញឬ Renewalble Energy គឺជាថាមពលកើតពីធនធាននិងបំពេញឡើងវិញដោយធម្មជាតិ ដូចជាថាមពលជីវម៉ាស វារីអគ្គិសនី កម្តៅចេញពីផែនដី ពន្លឺព្រះអាទិត្យ ខ្យល់ កម្តៅមហាសមុទ្រ ចលនាទឹករលក និងចលនាទឹកជោរនាច។ ថាមពលស្អាត ឬថាមពលបៃតង (Green Energy) គឺជាផលដែលបានមកពីការផលិតនិងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជា កម្លាំងខ្យល់ ពន្លឺព្រះអាទិត្យ កម្លាំងទឹករលក ជីវឧស្ម័ន ជីវម៉ាស ជីវៈឥន្ធនៈ និងវារីអគ្គិសនី។
ប្រទេសកម្ពុជាតម្រូវការថាមពលអគ្គិសនីកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះថាមពលពន្លឺព្រះអាទិត្យអាចជួយបំពេញបន្ថែមកំណើនតម្រូវការនេះ នឹងអាចជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាព។ កម្ពុជាក៏អាចប្រើថាមពលទាំងនេះ ដើម្បីចូលរួមចំណែឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។ នេះបើតាមឯកសារទស្សនទានស្តីពីការវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជារបស់ UNDP។
ប្រទេសកម្ពុជាតម្រូវការថាមពលអគ្គិសនីកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះថាមពលពន្លឺព្រះអាទិត្យអាចជួយបំពេញបន្ថែមកំណើនតម្រូវការនេះ នឹងអាចជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាព។ កម្ពុជាក៏អាចប្រើថាមពលទាំងនេះ ដើម្បីចូលរួមចំណែឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។ នេះបើតាមឯកសារទស្សនទានស្តីពីការវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជារបស់ UNDP។
![]() |
លោក Nick Beresford អ្នកតំណាង យូ.អិន.ឌី.ភី. ប្រចាំប្រទេសកម្ពុជា ផ្តល់សម្ភាសន៍ដល់ទូរទស្សន៍ PNN អំពី"ការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា" / រូបភាពដោយ ងិន សុខលី |
លោក Nick Beresford អ្នកតំណាង យូ.អិន.ឌី.ភី. ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា "គោលដៅទី៧ នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ផ្តោតទៅលើការទទួលបានសេវាថាមពលទំនើបដែលមានតម្លៃសមរម្យ ទុកចិត្តបាន និងមាននិរន្តរភាព។ ការគិតគួរដល់ចំណុចទាំងនេះ សំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាពីព្រោះថា កម្ពុជាជាប្រទេសដែលសមត្ថភាពទាញយកថាមពលផ្សេងៗ ពិសេសប្រភពថាមពលស្អាត ដូចជាការប្រើប្រាស់បន្ទះសូឡាទាញយកថាមពលពន្លឺព្រះអាទិត្យ។ ការប្រើប្រាស់ថាមពលទាំងនេះ វាអាចជួយយ៉ាងច្រើនដល់បរិស្ថាន និងសន្សំសំចៃ ក្នុងនោះរាប់ទាំងថាមពលខ្យល់ ថាមពលឧស្ម័នជាដើម។ យ៉ាងណាដើម្បីឱ្យវាដំណើរការទៅបានដោយរលូន ទាល់តែងកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកម្ពស់និងប្រើប្រាស់ថាមពលកកើតឡើងវិញទាំងនោះ"។
១. ថាមពលវារីអគ្គិសនី (Hydroelectricity)
២. ថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា)
ថាមពលពន្លឺព្រះអាទិត្យ ឬ Solar Energy គឺជាប្រភេទថាមពលដែលផ្ដល់ថាមពលអគ្គិសនីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ថាមពលដែលបញ្ចេញពីពន្លឺព្រះអាទិត្យមកដល់ផ្ទៃផែនដីក្នុងទម្រង់ជាពន្លឺដែលមើលឃើញដោយកាំរស្មី មើលឃើញដោយកាំរស្មីជំហានរលកខ្លីៗនិងពន្លឺកាំរស្មីស្វាយអ៊ុលត្រា។
ថាមពលពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ និងបម្លែងទឹកក្នុងទម្រង់ពីរាវទៅជាចំហាយដែលជាផ្នែកមួយនៃវដ្តទឹក។ ថាមពលពន្លឺព្រះអាទិត្យអាចបម្លែងឲ្យទៅជាថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្កាយរណបនិងនៅតំបន់ដែលដាច់ស្រយាល។
ថាមពលប្រភេទនេះ ងាយសស្រួលក្នុងការប្រើប្រាស់សន្សំសំចៃ និងសាកសមសម្រាប់អ្នករស់នៅទីជនបទ និងស្រឡាញ់បរិស្ថាន។ នៅប្រទេសមួយចំនួនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់កម្ដៅទឹកប្រើប្រាស់នៅក្នុងផ្ទះនៅប្រទេសត្រជាក់ និងប្រើប្រាស់ក្នុងម៉ាស៊ីនចំហាយខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។
ថាមពលពន្លឺព្រះអាទិត្យ ឬ Solar Energy គឺជាប្រភេទថាមពលដែលផ្ដល់ថាមពលអគ្គិសនីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ថាមពលដែលបញ្ចេញពីពន្លឺព្រះអាទិត្យមកដល់ផ្ទៃផែនដីក្នុងទម្រង់ជាពន្លឺដែលមើលឃើញដោយកាំរស្មី មើលឃើញដោយកាំរស្មីជំហានរលកខ្លីៗនិងពន្លឺកាំរស្មីស្វាយអ៊ុលត្រា។
ថាមពលប្រភេទនេះ ងាយសស្រួលក្នុងការប្រើប្រាស់សន្សំសំចៃ និងសាកសមសម្រាប់អ្នករស់នៅទីជនបទ និងស្រឡាញ់បរិស្ថាន។ នៅប្រទេសមួយចំនួនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់កម្ដៅទឹកប្រើប្រាស់នៅក្នុងផ្ទះនៅប្រទេសត្រជាក់ និងប្រើប្រាស់ក្នុងម៉ាស៊ីនចំហាយខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។
៣. ថាមពលខ្យល់ (Wind Power)
ថាមពលខ្យល់ជាថាមពលចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ថាមពលអគ្គីសនីបានពីខ្យល់ ឬវាយោអគ្គិសនី កើតឡើងដោយសារមានស្លាបបង្វិលតួប៊ីន ដែលជាទូទៅផ្គុំឡើងដោយស្លាបចំនួន៣ដែលមានទំហំធំ រូបរាងកោង និងទ្រទ្រង់ដោយចំណុចកណ្ដាលមួយ។ នៅពេលខ្យល់មានចលនាបក់មកប៉ះនឹងស្លាបតួប៊ីន វានឹងបាត់បង់ Kinetic Energy របស់វា។
តួនាទីរបស់ស្លាបតួប៊ីននឹងស្រូបយកថាមពលពីខ្យល់ បើកាលណាស្លាបកាន់តែធំ ហើយរួមនឹងល្បឿនខ្យល់មានកាន់តែខ្លាំងដែរនោះ ថាមពលអគ្គិសនីក៏នឹងផលិតបានច្រើនដូចគ្នាដែរ។ គេក៏ត្រូវសាងសង់ម៉ាស៊ីនតួប៊ីនឲ្យខ្ពស់ផុតពីដីផងដែរ ព្រោះខ្យល់នឹងមានកាន់តែច្រើន ហើយល្បឿនរបស់វាក៏លឿននៅក្នុងរយៈកម្ពស់ខ្ពស់។
ដើម្បីអាចបម្លែង Kinetic Energy ដែលទាញយកពីខ្យល់ទៅជាថាមពលអគ្គិសនីដែលអាចប្រើប្រាស់បាន គេត្រូវភ្ជាប់ចំណុចកណ្ដាលដែលទ្រទ្រង់ស្លាបរបស់តួប៊ីនទៅនឹងម៉ាស៊ីនរ៉ូទ័រមួយនៅខាងក្នុងតួម៉ាស៊ីនតួប៊ីនជាមួយគ្នានេះ ដែលមានឌីណាម៉ូ ជាឧបករណ៍សម្រាប់បម្លែងជាថាមពលអគ្គិសនី។ ចលនាដែលទទួលបានពីខ្យល់នឹងទៅបង្វិលរ៉ូទ័ររបស់ម៉ាស៊ីនឲ្យវិល នៅពេលនោះឌីណាម៉ូនឹងបម្លែងវាជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់បាន។
កាលពីចុងឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង Blue Circle នឹងចុះកិច្ចព្រមព្រៀងសាងសង់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ (Wind Power) នៅខេត្តកំពត។ នេះបើយោងតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះជាទីតាំងផលិតថាមពលដើរដោយកម្លាំងខ្យល់ដំបូងគេនៅកម្ពុជា ជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គិសនីបានចំនួន៨០ មេហ្គាវ៉ាត់ នៅលើភ្នំបូកគោ។
៤. ឡជីវឧស្ម័ន (Biodigester)
ជីវឧស្ម័នគឺជាល្បាយឧស្ម័នមេតាន ឧស្ម័នកាបូនិច និងឧស្ម័នកម្រផ្សេងៗទៀត ដែលបានមកពីការបំបែកសារធាតុសរីរាង្គដូចជាលាមកសត្វ កាកសំណល់កសិកម្មជាដើម ដោយគ្មានវត្តមានអុកស៊ីសែន។ ឡជីវឧស្ម័ន គឺជាសំណង់មួយប្រភេទ សង់ពីឥដ្ឋតាន់និងបេតុងក្នុងដីផ្ទុកដោយលាមកសត្វ ដែលអាចបង្កើតជាឧស្ម័នមេតាន រឺជីវឧស្ម័ន ហើយអាចបន្សល់បានជីធម្មជាតិដ៏ល្អប្រសើរសម្រាប់ដំណាំ។
ជីវឧស្ម័នគឺជាល្បាយឧស្ម័នមេតាន ឧស្ម័នកាបូនិច និងឧស្ម័នកម្រផ្សេងៗទៀត ដែលបានមកពីការបំបែកសារធាតុសរីរាង្គដូចជាលាមកសត្វ កាកសំណល់កសិកម្មជាដើម ដោយគ្មានវត្តមានអុកស៊ីសែន។ ឡជីវឧស្ម័ន គឺជាសំណង់មួយប្រភេទ សង់ពីឥដ្ឋតាន់និងបេតុងក្នុងដីផ្ទុកដោយលាមកសត្វ ដែលអាចបង្កើតជាឧស្ម័នមេតាន រឺជីវឧស្ម័ន ហើយអាចបន្សល់បានជីធម្មជាតិដ៏ល្អប្រសើរសម្រាប់ដំណាំ។
ឡជីវឧស្ម័ន ប្រើប្រាស់លាមកសត្វ គោ ក្របី សេះ មាន់ និងជ្រូក រួមទាំងកាកសំណល់ផ្ទះបាយ ចេញពីបង្គន់ ផលិតចេញជាហ្គាស សម្រាប់ចម្អិនអាហារ ភ្លើងបំភ្លឺគេហដ្ឋានពេលយប់ រួមទាំងផលិតចេញជាជីធម្មជាតិសម្រាប់ដំណាំកសិកម្ម។ សព្វថ្ងៃ ឡជីវឧស្ម័ន កំពុងតែពង្រីកខ្លួនទៅកាន់សហគមន៍តាមផ្ទះកសិករនៅទីជនបទ។
សៀវភៅកម្រងព័ត៌មានស្តីពី «កម្មវិធីឡជីវឧស្ម័នជាតិនៅកម្ពុជា» បានវាយតម្លៃផលចំណេញពីការតម្លើងឡជីវឧស្ម័ននេះថា គ្រួសារប្រើប្រាស់ឡជីវឧស្ម័នអាចសន្សំលុយបាន ១១,៥ដុល្លា ក្នុងមួយខែពីការទិញអូស ធ្យូង ប្រេងកាត ឬអាគុយ និងប្រាំដុល្លាផ្សេងទៀតពីការទិញជីគីមី។
កម្មវិធីបង្កើតឡជីវឧស្ម័ននេះ ក៏រួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធ្វើអូសដុតជាមធ្យមស្មើរនឹង ១៥០គីឡូក្រាមក្នុងមួយខែ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន ហើយជួយឲ្យផ្ទះមានអនាម័យល្អ និងបង្កើនប្រពលវប្បកម្មដោយការប្រើកាកសំណល់ឡ ជាពិសេសជួយសម្រួលបន្ទុកការងារស្ត្រី និងកុមារក្នុងការស្វែងរកអូស សម្រាប់ចំអិនអាហារជាមធ្យមប្រមាណ២ម៉ោងក្នុងមួយថ្ងៃ។
គម្រោងសាកល្បង «ផ្ទះ១អំពូល១» នៅស្រុកបន្ទាយស្រី
“ព្រះដាក់”ជាភូមិមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាម។ ដើម្បីឲ្យផ្ទះប្រជាពលរដ្ឋមានភ្លើងបំភ្លឺនៅមុខផ្ទះគ្រប់គ្រាន់នៅពេលយប់ និងរួមចំណែកការពារសុវត្ថិភាពភូមិឃុំឲ្យកាន់តែប្រសើរឡើង អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង“ផ្ទះ១ អំពូល១” កាលពីចុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
ប្រជាពលរដ្ឋភូមិព្រះដាក់ចំនួន៥១៨ ខ្នងផ្ទះ បានទទួលអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬអំពូលសូឡាពីរដ្ឋបាលស្រុកបន្ទាយស្រី ដែលរៀបចំពិធីចែកនៅបរិវេណវត្តព្រះដាក់ ដោយមួយគ្រួសារទទួលបានអំពូលសូឡាមួយ និងបង្គោលភ្លើងមួយដើម។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា “គម្រោងទីមួយនេះ រដ្ឋបាលស្រុកបានសហកិច្ចការជាមួយវិស័យឯកជន ចែកជូនអំពូលបំន្លឺមុខផ្ទះមួយដោយឥតគិតថ្លៃ ឬជាការផ្តល់អំណោយដល់អ្នកភូមិព្រះដាក់ឱ្យមានភ្លើងបំភ្លឺនៅពេលយប់។ អភិបាលស្រុកបន្ទាយស្រី បានប្តេជ្ញាថា គម្រោង “ផ្ទះមួយអំពូលមួយ”នេះ គឺធ្វើយ៉ាងណាឲ្យផ្ទះប្រជាពលរដ្ឋប្រមាណ១ម៉ឺនខ្នងផ្ទះនៅគ្រប់ភូមិទាំងអស់មានអំពូលភ្លើងបំភ្លឺផ្លូវនៅត្រឹមចុងឆ្នាំ២០២០។
Comments
Post a Comment