![]() |
រូបភាពតំណាងដកពីហ្វេសប៊ុក Helen Keller International-Cambodia |
អាហារូបត្ថម្ភ ៖ កុមារតូចប្រៀបដូចជាកែវភ្នែករបស់ម្តាយឪពុក ដែលត្រូវថែរក្សាថ្នាក់ថ្នម ផ្តល់អាហារ និងការពារពួកគេគ្រប់ពេលវេលា។ ទារកអាយុប្រាំមួយខែ ចាប់ផ្ដើមបៅច្រើនជាងមុន ការបំបៅកូនដោយទឹកដោះម្តាយសំខាន់បំផុតក្នុងដំណាក់កាលនេះ។ នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចាប់តាំងពីទារកកើតចេញពីផ្ទៃម្តាយរហូតដល់ប្រាំមួយខែ ម្តាយឪពុក ឬអាណាព្យាបាល គាប្បីបំបៅកូនដោយដោះម្តាយតែមួយមុខសុទ្ធ មិនត្រូវផ្តល់សារធាតុរាវផ្សេងៗឬអាហារឡើយ។ ដោយឡែកទារកមានអាយុពីប្រាំមួយខែទៅដប់ពីរខែ ត្រូវបន្តការបំបៅដោះដោយទឹកដោះម្តាយ និងត្រូវផ្តល់អាហារបន្ថែមមានលក្ខណៈម៉ត់ ដើម្បីឲ្យរាងកាយកុមារងាយបឺតស្រូប ហើយជាអាហារចម្រុះ (បបរខាប់គ្រប់គ្រឿង) ឱ្យបានមួយថ្ងៃបីដង។
អាហារបន្ថែម សំខាន់សម្រាប់កុមារក្នុងវ័យនេះ ដោយសារវាជាជំហានដំបូងដែលកុមាររៀនស្គាល់រសជាតិអាហារប្រភេទរឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។
ចំណែកកុមារអាយុពីដប់ពីរខែដល់ម្ភៃបីខែ ត្រូវផ្តល់របបអាហារឱ្យបានគ្រប់គ្រាន់ បន្តបន្ថែមបំបៅទឹកដោះម្តាយ។ ការផ្តល់អាហារក្នុងដំណាក់កាលនេះ ជាអាហារទន់ងាយសម្រាប់កុមារទទួលទាន។ អាហារសំខាន់ៗសម្រាប់កុមារអាយុចាប់ពីម្ភៃបួនខែឡើងទៅមានដូចជា ប្រភេទក្រុមអាហារថាមពល, ក្រុមអាហារស្ថាបនា, និងក្រុមអាហារការពារ។
ក្រុមអាហារថាមពល ជាអាហារដែលផ្តល់នូវកម្លាំងមានដូចជាៈ បាយ ពោត ដំឡូង ត្រាវចេកទុំ គ្រាប់ធញ្ញជាតិ ស្ករ ផ្លែឈើទុំ ទឹកឃ្មុំ ទឹកដោះម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេងធញ្ញជាតិ ជាតិម្សៅ និងជាតិស្ករ។
ក្រុមអាហារការពារ ជាប្រភេទអាហារសម្បូរដោយជីវជាតិអាជាតិដែក និងជាតិអ៊ីយ៉ូដ មានដូចជាៈ បន្លែដែលមានស្លឹកពណ៌បៃតង ផ្លែឈើស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើមត្រី គ្រាប់ធញ្ញជាតិ អាហារសមុទ្រ អំបិលអ៊ីយ៉ូដ និងប្រភេទអាហារកែច្នៃផ្សេងៗទៀត។ ការអនុវត្តតាមវិធីទាំងនេះ កុមារនឹងមានសុខភាពរឹងមាំ រាងកាយនិងប្រាជ្ញាស្មារតីកុមារលូតលាស់ល្អប្រសើរ។
យោងតាមការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ២០១៤ អត្រាស្លាប់របស់ទារកនិងកុមារបានធ្លាក់ចុះជាលំដាប់នៅកម្ពុជា។ ថ្វីបើយ៉ាងនេះក៏ដោយ កុមារម្នាក់ក្នុងចំណោមកុមារ ២៩នាក់នឹងនៅតែមិនបានប្រារព្ធខួបកំណើតលើកទី៥ របស់ពួកគេ។ អត្រាមរណភាពរបស់កុមារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកង្វះអាហាររូបត្ថម្ភជាពិសេសនៅក្នុង ១០០០ថ្ងៃដំបូងនៃជីវិត។
កង្វះអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងគ្រួសារ កង្វះចំណេះដឹងពីរបបអាហារសមស្របសម្រាប់ទារក និងកុមារ កង្វះអនាម័យ និងការទទួលសេវាសុខាភិបាលមិនគ្រប់គ្រាន់ សុទ្ធតែបង្កជាបញ្ហាកង្វះអាហាររូបត្ថម្ភខ្ពស់។ នេះបើយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា(CDHS)។
របាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៤នេះឱ្យដឹងថា បញ្ហាកង្វះអាហាររូបត្ថម្ភក្នុងចំណោមកុមារនៅតែជាបញ្ហាគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ កង្វះអាហាររូបត្ថម្ភបណ្តាលឱ្យកុមារប្រមាណ ៤៥០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើនឹងមួយភាគបីនៃចំនួនកុមារស្លាប់ទាំងអស់ក្នុងប្រទេសកម្ពុជា។
ក្រៅពីបានសម្លាប់កុមារកម្ពុជាជាច្រើន កង្វះអាហាររូបត្ថម្ភនេះក៏បានបង្កជាបញ្ហាសុខភាពដល់កុមារកម្ពុជាផងដែរ។ របាយការណ៍ដដែលឱ្យដឹងថា កុមារអាយុក្រោម៥ឆ្នាំចំនួន៣២ភាគរយមានបញ្ហាក្រិសក្រិន (កុមារមានកម្ពស់ទាបពេកធៀបនឹងអាយុ) ១០ភាគរយមានបញ្ហាស្គមស្គាំង និងចំនួន២៤ភាគរយមានបញ្ហាខ្វះទម្ងន់។
Comments
Post a Comment