![]() |
គោលការណ៍ណែនាំជាតិស្តីពីទឹកស្អាតនិងអនាម័យដល់មណ្ឌលសុខភាពក្នុងប្រទេសទាំងអស់ |
ភ្នំពេញ៖ ដើម្បីលើកកម្ពស់ស្ថានភាពអនាម័យឱ្យកាន់តែប្រសើរឡើងនៅក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាព ឬមណ្ឌលសុខភាពនីមួយៗនៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានចេញផ្សាយគោលការណ៍ណែនាំជាតិស្តីពីទឹកស្អាតនិងអនាម័យដល់មណ្ឌលសុខភាពក្នុងប្រទេសទាំងអស់ ត្រូវអនុវត្តន៍ចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ តទៅ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានលើកឡើងថា គោលការណ៍ណែនាំជាតិស្តីពីទឹកស្អាតនិងអនាម័យល្អនេះ មានគោលដៅចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការចម្លងរោគផ្សេងៗនៅតាមមូលដ្ឋានព្យាបាលនិងថែទាំសុខភាព។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ស្ថានភាពអនាម័យឱ្យកាន់តែប្រសើរឡើងនៅក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព ដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធថ្នាក់ជាតិ និងក្រោមជាតិ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ នៅទីស្តីការក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមឱ្យដឹងទៀតថា ការថែរក្សាទឹកស្អាត និងមានអនាម័យនៅក្នុងមូលដ្ឋានថែទាំសុខភាព មានសារៈសំខាន់បំផុតចំពោះការគ្របដណ្តប់សេវាសុខភាពជាសកលប្រកបដោយគុណភាព មានការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ សុវត្ថិភាពអ្នកជំងឺ សុខភាពកុមារនិងមាតា ជាពិសេសនៅអំឡុងពេលដែលមានហានិភ័យ និងការសម្រាលកូនជាដើម។
លោកជំទាវបន្តថា៖ "អត្ថប្រយោជន៍នៃទឹកស្អាត និងអនាម័យល្អ បានជួយដល់សុខភាពមនុស្សគ្រប់រូបឱ្យល្អប្រសើរ ហើយបានបង្ហាញពីសេចក្តីថ្លៃថ្នូរ និងការគោរព ការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ព្រមទាំងសុវត្ថិភាពរបស់បុគ្គលិក"។
សូមជម្រាបថា នាយកដ្ឋានសេវាមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានយកចិត្តទុកដាក់អនុវត្តន៍គោលការណ៍នេះ ដោយមានការគាំទ្រពីដៃគូសំខាន់ៗ រួមមាន អង្គការសុខភាពពិភពលោក (WHO), អង្គការ WaterAid និងអង្គការ UNICEF ។
ក្រសួងសុខាភិបាលជឿជាក់យ៉ាងមុតមាំថា ការប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំនេះ នឹងផ្តល់នូវបរិយាកាសការងារកាន់តែមានសុវត្ថិភាពថែមទៀតដល់បុគ្គលិកសុខាភិបាល និងគុណភាពនៃការថែទាំកាន់តែប្រសើរសម្រាប់អ្នកជំងឺ។
អត្ថបទ ម៉ៅ សំណាង
Comments
Post a Comment