Skip to main content

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០


តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។

ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស"​។

"គ្មានឡើយការខ្វះខាតថាមពលអគ្គិសនីនៅកម្ពុជា" នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០​២​០​នេះ​។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀត​ថា "ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ នឹងពុំមានការខ្វះខាតទៀតនោះទេ"។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បាន​ប្តេជ្ញាថា ត្រឹមឆ្នាំ២០២០ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នាំ២០៣០យ៉ាងហោច៩០ភាគរយនៃគ្រួសារទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់។

ទោះបី​ក្រសួងរ៉ែនិងថាមពល បាន​ប្តេជ្ញាចិត្តធានាផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានប្រសើរ​យ៉ា​ង​ណា​ក្តី​ ក៏លទ្ធភាពក្នុងការផលិតថាមពលអគ្គិសនីក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ក្នុង​ឆ្នាំ២០២០ ប្រភពថា​ម​ព​ល​កើត​ឡើងវិញ ​កម្ពុជា​អាច​ផលិតបាន​ប្រ​មាណ​​តែ ៣៣៣ ម៉េ​ហ្គាវ៉ាត់ និង ២៥១គីឡូវ៉ាត់ប៉ុណ្ណោះ​ ស្មើនឹង ១.៥៤ភាគរយ​​ នៃថាមពល​ដែល​កម្ពុជា​ផលិតបាន​សរុប​ចំនួន​ ៧០.៥៣ភាគរយ​។

 ​
យ៉ាងណាក៏ដោយកង្វះខាតថាមពលនេះ មិនមែនបញ្ហារាំស្ទះខ្លាំង​ខ្លា​ដល់ជីវភាពប្រជាជន និងកំណើន​សេដ្ឋកិច្ចកម្ពុជាឡើយ។ ឆ្លើយតប​ទៅ​​នឹង​តម្រូវ​​ការ​​ថាមពលប្រើប្រាស់​កើន​ឡើង​នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តនាំចូលថាមពលដែលមានតម្លៃសមរម្យ តាមរយៈការនាំចូលពីប្រទេសជិតខាង ជាជាង​ចំណាយលើ​ការផលិតថាមពលអគ្គិសនីដោយខ្លួនឯងផ្ទាល់។ ថ្លៃអគ្គិសនី​ជាមធ្យមទិញពីក្រៅប្រទេស ក្នុងតម្លៃ១១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល បានព្យាករថា តម្រូវការថាមពលរបស់កម្ពុជា ដែលបានមក​ពី​ប្រេ​​ង​​​ឥន្ធនៈ​ទាំងអស់នឹងកើនឡើង៥,៤ ភាគរយ​ជារៀង​រាល់ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ​២០​៣​៥​។​ កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ត្រឹមតែ ​២៦០០​មេ​ហ្គា​វ៉ា​ត់ប៉ុណ្ណោះ​ ស្រប​ពេល​​តម្រូវ​ការ​​ជា​ក់​ស្ដែង​​នា​ពេល​បច្ចុប្បន្ន​​រហូត​ដល់ ​​៣៩៨៧​​មេ​ហ្គា​វ៉ា​ត់ ទើប​អាច​ផ្គត់ផ្គង់តម្រូវការ​ថាមពល​​តំបន់​សេដ្ឋកិច្ច មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីកន្លែង​កម្សាន្ត លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​។


ដើ​ម្បី​បាន​ថាមពល​ប្រមាណ ៤ពាន់មេហ្គាវ៉ាន់ផ្គត់ផ្គង់ទូទាំងប្រទេស​នៅក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនីនាំចូលបន្ថែមពីប្រទេសចំនួន​បី​ស​ម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​។ ​​ប្រទេសថៃ ​ឡាវ​ និងវៀតណាម កំពុង​ដើរតួនាទីជាអ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីជា​ច្បងសម្រាប់កម្ពុជា។ សម្រាប់ឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គីសនីពីប្រភពខាងក្រៅចំនួន១,០២១.៧៥ ម៉េហ្គាវ៉ាត់ និង៤,១២០.៧០គីឡូវ៉ាត់ ដែលស្មើនឹង​២៩.៤៧​ភាគរយ។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាមានប្រសាសន៍បញ្ជាក់​ថា នៅឆ្នាំ២០២០ អាជ្ញាធរអគ្គិសនីកម្ពុជា មានផែនការត្រៀមខ្លួនរួចជាស្រេចក្នុង​ការ​ផ្គត់ផ្គង់​ថាមពលអគ្គីសនីឱ្យ​គ្រប់គ្រាន់ផ្គត់ផ្គង់ទូទាំងប្រទេស។ លោកលើកឡើងដូច្នេះ នៅក្នុងសន្និ​បា​ត​បូ​ក​​សរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបញ្ចប់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២០​២០ កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២០។


កន្លងមក​រដ្ឋាភិបាល បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង​មធ្យម​។​ សម្រាប់​ប្រជាពលរដ្ឋដែល​ប្រើប្រាស់​អគ្គិសនី​ចាប់​១​គីឡូវ៉ាត់​ដល់​១០​គីឡូវ៉ាត់​ក្នុង​មួយខែ ហើយ​ត្រូវ​បង់ថ្លៃ​៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម​៣៨០​រៀល​។ ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់​៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ​៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។

អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០១៩ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១,០៣៧ ក្នុងចំណោមភូមិសរុបទាំងអស់ ១៤,១៦៨ភូមិ ដែលក្នុងនោះមានភូមិ ៩៦៤ ស្ថិតក្នុងដែនអាជ្ញាប័ណ្ណដែលបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ៧៣ ស្ថិតនៅក្រៅដែនអាជ្ញាប័ណ្ណ។

អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានសិក្សារួមគ្នា​អំ​ពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គី​សនីប្រើ​ប្រាស់​ក្នុងក្របខណ្ឌលទ្ធភាពរបស់អគ្គិ​សនីកម្ពុជា​ និងសេវាករឯកជន។ លទ្ធផលនៃការសិក្សានេះ​ បានបង្ហាញថា ក្នុងឆ្នាំ២០២០ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនី​ពីបណ្តា​ញ​ជាតិ ​បាន៧៩៤ ភូមិបន្ថែម​ទៀត ដូច្នេះនៅឆ្នាំ២០២០នេះ​ អាចសល់ភូមិចំនួន ២៤៣ទៀត ត្រូវជា​១,៧១% ដែលពុំមានការផ្គត់ផ្គងពីបណ្តាញជាតិ។

អាជ្ញាធរអគ្គិសនីកម្ពុជា​បាន​ឱ្យ​ដឹងថា ភូមិដែលនៅសល់ពុំទាន់មាន​អគ្គីសនី​ត​បណ្តាញ​ដល់​ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាតំបន់ដាច់ស្រយាលខ្លាំង ជាតំបន់គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាតំបន់រស់នៅបណ្តែតទឹក ជាតំបន់លិចទឹកនៅរដូវវស្សាជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើត្រូវអភិវឌ្ឍន៍ការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ។ បច្ចុប្បន្នក្រសួងរ៉ែនិងថាមពល មាន​អាជ្ញាធរអគ្គិ​សនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុង​រួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលត្រូវនៅសល់ទាំង ២៤៣នេះ តាមស្ថានភាពជាក់ស្តែងនិង​ផ្អែ​ក​តាម​ទី​តាំង​ភូមិ​សាស្ត្រ​នៃភូមិនីមួយៗ។

ថាមពលកើតឡើងវិញមានដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ប្រភពទឹក និងជីវៈឧស្ម័នជាដើម បានដើរតួនាទីយ៉ាងសំខាន់ការផ្តត់ផ្គង់តម្រូវការថាមពលអគ្គិសនី​ក្នុងស្រុក ជួយដល់បរិស្ថាន ព្រមទាំងកាត់​​បន្ថ​យការនាំ​ចូលអគ្គិសនីពីប្រទេសជិតខាង។

កាលពីឆ្នាំ២០១៧កន្លងទៅ ខេត្តស្វាយរៀងបានដំណើរការឧទ្យានថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា ដែលមានអនុភាព១០មេហ្គាវ៉ាត វិនិយោគទឹកប្រាក់១២.៥លានដុល្លារអាមេរិក មានទីតាំងនៅក្រុងបាវិត។ ការផលិតអគ្គិសនីតាមរយៈការទាយយកថាមពលពីពន្លីព្រះអាទិត្យនេះ វិនិយោគដោយក្រុមហ៊ុន Sunseap Asset និងលក់ភ្លើងឱ្យអគ្គិសនីកម្ពុជាក្នុង​តម្លៃ ៩.១សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង តាមរយៈកិច្ចសន្យាមានពេល២០ឆ្នាំ។ ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ មានផ្ទៃដីចំនួន ២១ហិចតា និងមានផ្ទាំងសូឡាស្រូបថាមពលចំនួន ៣៣០០០ផ្ទាំង។

ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​មួយទៀត​នៅ​កម្ពុជា​ ​ត្រូវ​បាន​សាងសង់​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដោយក្រុម​ហ៊ុន​ ​SchneiTec​ ​Renewable ក្នុងឆ្នាំ ២០១៩ មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្ទៃដី​ ​២០០​ ​ហិ​ក​តា​នៅក្នុង​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អាច​ផលិត​ថាមពលអគ្គិសនី​បាន​រហូតដល់​ ​៦០​​មេ​ហ្គា​វ៉ាត់។​

វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង មានសមត្ថភាពផលិតថាមពលអគ្គិសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ ក្រោមការវិនិយោគរួមគ្នាដោយក្រុមហ៊ុនចំនួនបីក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨០០លានដុល្លារអាមេរិក។ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២នេះ​​ ត្រូវ​បាន​សាងសង់​ក្រោម​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ចិន​ Hydrolancang​ International​ Energy​ (៥១​ ភាគរយ​)​ ក្រុមហ៊ុន​កម្ពុជា​ រ៉ូ​យ៉ា​ល់​គ្រុប​ (៣៩​ ភាគរយ​)​ និង​ក្រុមហ៊ុន​វៀតណាម​ Vietnam​ Electricity​ (EVN)​ (១០​ ភាគរយ​)​។

ថាមពលកកើតឡើងវិញជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាពនៅកម្ពុជា​

ថាមពលកើតឡើងវិញឬ Renewalble Energy គឺជាថាមពលកើតពីធនធាននិង​បំពេញឡើងវិញដោយធម្មជាតិ ដូចជាថាមពលជីវម៉ាស វារីអគ្គិសនី កម្តៅ​ចេញពីផែនដី ពន្លឺព្រះអាទិត្យ ខ្យល់ កម្តៅមហាសមុទ្រ ចលនាទឹករលក និងចលនាទឹកជោរនាច។ ថាមពលស្អាត ឬថាមពលបៃតង (Green Energy) គឺជាផល​ដែលបានមកពី​ការផលិតនិងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជា កម្លាំងខ្យល់ ពន្លឺព្រះអាទិត្យ កម្លាំងទឹករលក ជីវឧស្ម័ន ជីវម៉ាស ជីវៈឥន្ធនៈ និងវារីអគ្គិសនី។

ប្រទេសកម្ពុជាតម្រូវការថាមពលអគ្គិសនីកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះថាមពលពន្លឺព្រះអាទិត្យអាចជួយបំពេញបន្ថែមកំណើនតម្រូវការនេះ នឹងអាចជួយបង្កើនសន្តិសុខថាមពលប្រកបដោយចីរភាព។ កម្ពុជាក៏អាចប្រើថាមពលទាំងនេះ ដើម្បីចូលរួមចំណែឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។ នេះបើតាមឯកសារទស្សនទានស្តីពីការវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជារបស់ UNDP។

លោក Nick Beresford អ្នកតំណាង យូ.អិន.ឌី.ភី. ប្រចាំប្រទេសកម្ពុជា ផ្តល់សម្ភាសន៍ដល់ទូរទស្សន៍ PNN អំពី"ការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា" / រូបភាពដោយ ងិន សុខលី

លោក Nick Beresford អ្នកតំណាង យូ.អិន.ឌី.ភី. ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​"គោលដៅទី៧ នៅក្នុងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ ផ្តោត​ទៅ​លើ​ការ​ទទួល​បាន​សេវា​ថាមពល​ទំនើប​ដែល​មាន​តម្លៃ​សមរម្យ​ ទុកចិត្ត​បាន​ និង​មាន​និរន្តរភាព​។​ ការគិតគួរដល់ចំណុចទាំងនេះ សំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា​ពីព្រោះថា កម្ពុជាជាប្រទេសដែលសមត្ថភាពទាញយកថាមពល​ផ្សេងៗ ពិសេសប្រភពថាមពលស្អាត ដូចជាការប្រើប្រាស់បន្ទះសូឡាទាញយកថាមពលពន្លឺព្រះអាទិត្យ។  ការប្រើប្រាស់ថាមពលទាំងនេះ វាអាចជួយយ៉ាងច្រើនដល់បរិស្ថាន និងសន្សំសំចៃ ក្នុងនោះរាប់ទាំងថាមពលខ្យល់ ថាមពលឧស្ម័នជាដើម។ យ៉ាងណាដើម្បីឱ្យវាដំណើរការទៅបានដោយរលូន ទាល់តែងកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកម្ពស់និងប្រើប្រាស់ថាមពលកកើតឡើងវិញទាំងនោះ"។

១. ថាមពលវារីអគ្គិសនី (Hydroelectricity)
ថាមពលវារីអគ្គិសនី គឺជាថាមពលដែលបានមកពីការបំលែងថាមពលទឹកហូរ ឬទឹកធ្លាក់ដោយប្រើប្រាស់ចរន្តទឹកដើម្បីបង្វិលតួប៊ីន ហើយតួប៊ីនបង្វិលជនិតាអគ្គិសនីបន្តទៀត។ វារីអគ្គិសនី ឬ Hydroelectricity នៅកម្ពុជាមានច្រើនកន្លែងនៅតាមបណ្តាខេត្តនានា មានដូចជាក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីកំពង់ស្ពឺ កោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពត។

២. ថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា)
ថាមពលពន្លឺព្រះអាទិត្យ ឬ Solar Energy គឺជាប្រភេទថាមពលដែល​ផ្ដល់ថាមពលអគ្គិសនីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ថាមពលដែល​បញ្ចេញពីពន្លឺព្រះអាទិត្យមកដល់ផ្ទៃផែនដីក្នុងទម្រង់ជាពន្លឺដែលមើលឃើញដោយកាំរស្មី មើលឃើញដោយកាំរស្មីជំហានរលកខ្លីៗនិងពន្លឺកាំរស្មីស្វាយអ៊ុលត្រា។

ថាមពលពន្លឺព្រះអាទិត្យមានសារៈសំខាន់ណាស់សម្រាប់រុក្ខជាតិធ្វើរស្មីសំយោគ និងបម្លែងទឹកក្នុងទម្រង់ពីរាវទៅជាចំហាយដែលជាផ្នែកមួយនៃវដ្តទឹក។ ថាមពលពន្លឺព្រះអាទិត្យអាចបម្លែង​ឲ្យទៅជាថាមពលអគ្គីសនីសម្រាប់​ប្រើប្រាស់នៅក្នុងផ្កាយរណបនិងនៅតំបន់ដែលដាច់ស្រយាល។

ថាមពលប្រភេទ​នេះ ងាយសស្រួលក្នុងការប្រើប្រាស់សន្សំសំចៃ និងសាកសមសម្រាប់អ្នករស់នៅទីជនបទ និងស្រឡាញ់បរិស្ថាន។ នៅប្រទេសមួយចំនួន​ប្រើប្រាស់​ថាម​ពល​ពន្លឺព្រះអាទិត្យ​សម្រាប់កម្ដៅទឹកប្រើប្រាស់នៅក្នុងផ្ទះនៅប្រទេសត្រជាក់ និងប្រើប្រាស់ក្នុងម៉ាស៊ីនចំហាយខ្លះសម្រាប់បង្វិលជនិតាអគ្គិសនី។

៣. ថាមពលខ្យល់ (Wind Power)
ថាមពល​ខ្យល់​ជា​ថាមពល​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ថា​ម​ព​ល​អគ្គីសនីបានពីខ្យល់ ឬវាយោ​អគ្គិសនី​ កើតឡើងដោយសារមាន​ស្លាបបង្វិល​តួប៊ីន ដែល​ជាទូទៅ​ផ្គុំ​ឡើង​ដោយ​ស្លាប​ចំនួន​៣​ដែល​មាន​ទំហំ​ធំ រូបរាង​កោង និង​ទ្រទ្រង់​ដោយ​ចំណុច​កណ្ដាល​មួយ។ នៅ​ពេល​ខ្យល់​មាន​ចលនា​បក់​មក​ប៉ះ​នឹង​ស្លាប​តួប៊ីន វា​នឹង​បាត់បង់ Kinetic Energy របស់​វា។

តួនាទី​របស់​ស្លាប​តួប៊ីន​នឹង​ស្រូប​យក​ថាមពល​ពី​ខ្យល់ បើ​កាលណា​ស្លាប​កាន់តែ​ធំ ហើយ​រួម​នឹង​ល្បឿន​ខ្យល់​មាន​កាន់តែ​ខ្លាំង​ដែរ​នោះ ថាមពល​អគ្គិសនី​ក៏​នឹង​ផលិត​បាន​ច្រើន​ដូច​គ្នា​ដែរ។ គេ​ក៏​ត្រូវ​សាងសង់​ម៉ាស៊ីន​តួប៊ីន​ឲ្យ​ខ្ពស់​ផុត​ពី​ដី​ផង​ដែរ ព្រោះ​ខ្យល់​នឹង​មាន​កាន់តែ​ច្រើន ហើយ​ល្បឿន​របស់​វា​ក៏​លឿន​នៅ​ក្នុង​រយៈ​កម្ពស់​ខ្ពស់។

ដើម្បី​អាច​បម្លែង Kinetic Energy ដែល​ទាញ​យក​ពី​ខ្យល់​ទៅ​ជា​ថាមពល​អគ្គិសនី​ដែល​អាច​ប្រើប្រាស់​បាន គេ​ត្រូវ​ភ្ជាប់​ចំណុច​កណ្ដាល​ដែល​ទ្រទ្រង់​ស្លាប​របស់​តួប៊ីន​ទៅ​នឹង​ម៉ាស៊ីន​រ៉ូទ័រ​មួយ​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន​តួប៊ីន​ជាមួយ​គ្នា​នេះ ដែល​មាន​ឌីណាម៉ូ ជា​ឧបករណ៍​សម្រាប់​បម្លែង​ជា​ថាមពល​អគ្គិសនី។ ចលនា​ដែល​ទទួល​បាន​ពី​ខ្យល់​នឹង​ទៅ​បង្វិល​រ៉ូទ័រ​របស់​ម៉ាស៊ីន​ឲ្យ​វិល នៅ​ពេល​នោះ​ឌីណាម៉ូ​នឹង​បម្លែង​វា​ជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​បាន។ 

កាលពីចុងឆ្នាំ ២០១៩ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​បារាំង Blue Circle នឹង​ចុះ​កិច្ចព្រមព្រៀង​សាងសង់​កសិដ្ឋាន​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់ (Wind Power) នៅ​ខេត្តកំពត​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ នេះជាទីតាំងផលិតថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់​ដំបូងគេនៅកម្ពុជា ជាមួយ​នឹង​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនីបានចំនួន៨០ ​មេហ្គាវ៉ាត់​ នៅលើ​ភ្នំ​បូកគោ​។

៤. ឡជីវឧស្ម័ន (Biodigester)
ជីវឧស្ម័នគឺជាល្បាយឧស្ម័នមេតាន ឧស្ម័នកាបូនិច និងឧស្ម័នកម្រផ្សេងៗទៀត ដែលបានមកពីការបំបែកសារធាតុសរីរាង្គដូចជាលាមកសត្វ កាកសំណល់កសិកម្មជាដើម ដោយគ្មានវត្តមានអុកស៊ីសែន។ ឡជីវឧស្ម័ន គឺជាសំណង់មួយប្រភេទ សង់ពីឥដ្ឋតាន់និងបេតុងក្នុងដីផ្ទុកដោយលាមកសត្វ ដែលអាចបង្កើតជាឧស្ម័នមេតាន រឺជីវឧស្ម័ន ហើយអាចបន្សល់បាន​ជីធម្មជាតិដ៏ល្អប្រសើរសម្រាប់ដំណាំ។

ឡជីវឧស្ម័ន ប្រើប្រាស់លាមកសត្វ គោ ក្របី សេះ មាន់ និងជ្រូក រួមទាំងកាកសំណល់ផ្ទះបាយ ចេញពីបង្គន់ ផលិតចេញជាហ្គាស សម្រាប់ចម្អិនអាហារ ភ្លើងបំភ្លឺគេហដ្ឋានពេលយប់ រួមទាំងផលិតចេញជាជីធម្មជាតិសម្រាប់ដំណាំកសិកម្ម។ សព្វថ្ងៃ ឡជីវឧស្ម័ន កំពុងតែពង្រីកខ្លួនទៅកាន់សហគមន៍តាមផ្ទះកសិករនៅទីជនបទ។ 

សៀវភៅកម្រងព័ត៌មានស្តីពី «កម្មវិធីឡជីវឧស្ម័នជាតិនៅកម្ពុជា» បានវាយតម្លៃផលចំណេញពីការតម្លើងឡជីវឧស្ម័ននេះថា គ្រួសារប្រើប្រាស់ឡជីវឧស្ម័នអាចសន្សំលុយបាន ១១,៥ដុល្លា ក្នុងមួយខែពីការទិញអូស ធ្យូង ប្រេងកាត ឬអាគុយ និងប្រាំដុល្លាផ្សេងទៀតពីការទិញជីគីមី។ 

កម្មវិធីបង្កើតឡជីវឧស្ម័ននេះ ក៏រួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធ្វើអូសដុតជាមធ្យមស្មើរនឹង ១៥០គីឡូក្រាមក្នុងមួយខែ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន ហើយជួយឲ្យផ្ទះមានអនាម័យល្អ និងបង្កើនប្រពលវប្បកម្មដោយការប្រើកាកសំណល់ឡ ជាពិសេសជួយសម្រួលបន្ទុកការងារស្ត្រី និងកុមារក្នុងការស្វែងរកអូស សម្រាប់ចំអិនអាហារជាមធ្យមប្រមាណ២ម៉ោងក្នុងមួយថ្ងៃ។

 គម្រោងសាកល្បង «ផ្ទះ១អំពូល១» នៅស្រុកបន្ទាយស្រី


“ព្រះដាក់”ជាភូមិមួយស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាម។ ដើម្បីឲ្យផ្ទះប្រជាពលរដ្ឋមានភ្លើងបំភ្លឺនៅមុខផ្ទះគ្រប់គ្រាន់នៅពេលយប់ និងរួមចំណែកការពារសុវត្ថិភាពភូមិឃុំឲ្យកាន់តែប្រសើរឡើង អាជ្ញាធរស្រុកបន្ទាយស្រី បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង“ផ្ទះ១ អំពូល១” កាលពីចុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ 

ប្រជាពលរដ្ឋភូមិព្រះដាក់ចំនួន៥១៨ ខ្នងផ្ទះ បានទទួលអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬអំពូលសូឡាពីរដ្ឋបាលស្រុកបន្ទាយស្រី ដែលរៀបចំពិធីចែកនៅបរិវេណវត្តព្រះដាក់ ដោយមួយគ្រួសារទទួលបានអំពូលសូឡាមួយ និងបង្គោលភ្លើងមួយដើម។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា “គម្រោងទីមួយនេះ រដ្ឋបាលស្រុកបានសហកិច្ចការជាមួយវិស័យឯកជន ចែកជូនអំពូលបំន្លឺមុខផ្ទះមួយដោយឥតគិតថ្លៃ ឬជាការផ្តល់អំណោយដល់អ្នកភូមិព្រះដាក់ឱ្យមានភ្លើងបំភ្លឺនៅពេលយប់។ អភិបាលស្រុកបន្ទាយស្រី បានប្តេជ្ញាថា គម្រោង “ផ្ទះមួយអំពូលមួយ”នេះ គឺធ្វើយ៉ាងណាឲ្យផ្ទះប្រជាពលរដ្ឋប្រមាណ១ម៉ឺនខ្នងផ្ទះនៅគ្រប់ភូមិទាំងអស់មានអំពូលភ្លើងបំភ្លឺផ្លូវនៅត្រឹមចុងឆ្នាំ២០២០។

វិធីងាយៗក្នុងការសន្សំសំចៃថាមពលអគ្គិសនី និងការប្រើប្រាស់កកើតឡើងវិញប្រចាំថ្ងៃ 






Comments

Popular posts from this blog

ព័ត៌មានទឹកស្អាតនិងអនាម័យស្ថិតនៅក្នុងដៃអ្នកសារព័ត៌មាន

ការពិភាក្សាប្រធានបទព័ត៌មានរបស់សមាជិក​អ្នកសារព័ត៌មានបញ្ហាទឹកស្អាត និងអនាម័យកម្ពុជា - WASH Journalist ភ្នំពេញ៖ អ្នកជំនាញព័ត៌មាន និងអ្នកជំនាញទឹកស្អាតនិងអនាម័យ បានលើកឡើងស្របគ្នាថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរាយការណ៍ ឬបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធបញ្ហាទឹកនិងអនាម័យ ផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជា។ ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សារបស់បណ្តាញអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា កាលពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។  លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌មាននៃទូរ​ទស្ស​ន៍​ភី.​អិន​.​អិន ​មានប្រសាសន៍ថា សារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់​ចូលរួមចំណែកលើកកម្ពស់បញ្ហាទឹកស្អាត និង​អនាម័យនៅកម្ពុជា។ លោកបានបន្តទៀតថា ការលើកយកប្រធានបទទឹកនិងអនាម័យមករាយការណ៍ ឬអ្នកសារព័ត៌មានបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាទាំងនេះឱ្យបានញឹកញាប់ នោះប្រជាពលរដ្ឋនឹងផ្លាស់ប្តូរឥរិយាបថ​ គិតគួរដល់ទឹកនិងប្រភពទឹកកំពុងប្រើប្រាស់ សាងសង់បង្គន់អនាម័យ និង​អនុវត្តន៍ទម្លាប់រក្សាអនាម័យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ។ “ ខ្ញុំយល់ថានេះជាចំណុចចាប់ផ្តើ

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន