![]() |
សន្នីសីទសារព័ត៌មានស្តីពីកម្មវិធីតាំងពិព័រណ៍រូបថត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍មានប្រសាសន៍ (រូបភាព DMC Photo Festival) |
ភ្នំពេញ: ពិព័រណ៍រូបថតរបស់និស្សិតសារព័ត៌មាន នៃដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភាខាងមុខ ផ្តោតលើប្រធានបទប្រាំបួន ស្តីពីវប្បធម៌ បរិស្ថាន សិទ្ធិកុមារ ការប្រើប្រាស់បច្ចេកវិទ្យា និងជីវភាពរបស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
ឆ្នាំ២០២០នេះ ពិព័រណ៍រូបថតរបស់និស្សិតសារព័ត៌មាន ឬ DMC Photo Festival ផ្តោតលើ ប្រធានបទសំខាន់ៗចំនួនប្រាំបួន ក្នុងគោលបំណងបង្ហាញពីសមត្ថភាព និងបច្ចេកទេសថតរូបរបស់និស្សិតសិក្សាជំនាញសារព័ត៌មានទាំង៤៤នាក់ ផ្សារភ្ជាប់នឹងការអនុវត្តមេរៀនជាក់ស្តែង ដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គមបច្ចុប្បន្ន។
នៅក្នុងសន្នីសីទសារព័ត៌មានស្តីពីកម្មវិធីតាំងពិព័រណ៍រូបថតថ្ងៃនេះ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ មានប្រសាសន៍ថា ការតាំងពិពណ៌រូបថតរបស់និស្សិតប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២០នេះ នឹងបង្ហាញដល់សាធារណជនឱ្យបានដឹងបន្ថែមពីរឿងរ៉ាវសង្គមដែលកំពុងកើតមាន និងជាផ្នែកមួយនៃដំណោះស្រាយបញ្ហាសង្គមកំពុងជួបប្រទះជារៀងរាល់ថ្ងៃ តាមរយៈព័ត៌មានបង្ហាញដោយរូបភាព។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានបន្ថែមថា “នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ជារៀងរាល់ឆ្នាំមានគម្រោងផ្សេងៗគ្នាជាច្រើន ! សម្រាប់វិទ្យុយើងមានការផលិតជាបទយកការណ៍វិទ្យុ សម្រាប់ថ្នាក់វីដេអូយើងមានការផលិតជាវីដេអូឯកសារ សម្រាប់រូបថតជាឧបករណ៍មួយសំខាន់ដែលអាចបង្ហាញរឿងរ៉ាវសង្គមផ្សេងៗ ក្រៅពីអត្ថបទជាសំឡេងឬវីដេអូជាដើម”។
លោក ផន ភារិទ្ធ គ្រូបង្រៀនថតរូបនៃប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាអ្នកដឹកនាំនិស្សិតផលិតរូបថត មានប្រសាសន៍ថា រូបថតតាំងពិព័រណ៍ទាំងអស់មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ វាជាចំណែកចូលរួមអភិវឌ្ឍន៍សង្គម និងអប់រំសង្គមបានដូចគ្នា។ ការតាំងពិព័រណ៍រូបថតឆ្នាំនេះ មានរូបថតរហូតដល់២៥០ សន្លឹកបង្ហាញជាសាច់រឿងតាមលំដាប់លំដោយ។
លោក ផន ភារិទ្ធ “យើងត្រូវការដៃគូសហការ ឬដៃគូគាំទ្រយ៉ាងចាំបាច់ ដើម្បីគាំទ្រដំណើរការនេះ ហើយមិនមែនតែមួយឆ្នាំនោះទេ គឺនៅឆ្នាំបន្តបន្ទាប់ទៀត ពីព្រោះថា ការបង្ហាញព័ត៌មានតាមរយៈរូបភាពធ្វើឲ្យសាធារណជនងាយស្រួលទទួលយក និងលឿនរហ័សទទួលព័ត៌មាន ! អញ្ចឹងរូបភាពគឺរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសង្គមនិងអប់រំសង្គម”។
សូមជម្រាបថា គម្រោងពិព័រណ៍រូបថតរៀបចំដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ជាពិព័រណ៍លើកទី២ របស់និស្សិតសារព័ត៌មាន មានប្រធានបទប្រាំបួនខុសៗគ្នា និងចែកចេញជាច្រើនប្រភេទ។
Comments
Post a Comment