កំពង់ចាម ៖ ពលរដ្ឋស្ត្រីរស់នៅភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា ពួកគេចង់ឱ្យភូមិឋានដែលខ្លួនកំពុងរស់នៅ គ្មានការបន្ទោរបង់ពាស់វាលពាសកាល ខណៈមានការបារម្ភខ្លាំងចំពោះសុខភាពរបស់សមាជិកគ្រួសារ ពិសេសសុខភាពស្រ្តីនិងកុមារ។ ទន្ទឹមនឹងការចង់បាននេះ ពលរដ្ឋទាំងនោះយល់ថា លទ្ធភាពសាងសង់បង្គន់អនាម័យមានតិចតួចបំផុត ចំពោះក្រុមគ្រួសារស្ទើរទាំងអស់ក្នុងភូមិ ។
ធ្វើដំណើរតាមទូកផង និងម៉ូតូផងចម្ងាយផ្លូវប្រមាណជាង២៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ឆ្ពោះទៅស្រុកកោះសូទិន រួចបានបន្តដំណើរទៅភូមិមួយទៀតដែលមានឈ្មោះថា ភូមិទួលកំពត។ ភូមិនេះមានចម្ងាយជាង៥ គីឡូម៉ែត្រទៀតពីទីប្រជុំជនជីហែរ ស្រុកកោះសូទិន។ ពេលចូលដល់ក្នុងភូមិភ្លាម ផ្លូវធ្វើដំណើរមានសភាពជាដានច្រកតូចៗ ខ្វាត់ខ្វែងកាត់គម្ពោធព្រៃតូចធំ ដោយផ្ទះខ្លះមានដាំដើមចេកជាច្រើនខ័ណ្ឌចែកជារបប។ ខណៈកំពុងបន្តដំណើរ យូរៗម្តងខ្យល់បក់ជះក្លិនលាមក ចេញពីគម្ពោធព្រៃជិតផ្លូវឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងភូមិពុំសូវអ៊ូរអរនេះ។
ប្រជាពលរដ្ឋនៅក្នុងភូមិទួលកំពត ភាគច្រើនជាអ្នកប្រកបរបរធ្វើចម្ការ មានចំនួនប្រមាណជាង១០០ គ្រួសារកំពុងរស់នៅផ្ទះជិតៗគ្នា ក៏ប៉ុន្តែបើក្រឡេកមើលទៅផ្ទះមានបង្គន់អនាម័យវិញ មានប្រាំបួនគ្រួសារប៉ុណ្ណោះ ដែលមានលទ្ធភាពសាង សង់បង្គន់អនាម័យប្រើប្រាស់។
ផ្ទះមានបង្គន់អនាម័យមុនគេក្នុងភូមិ
អ្នកស្រី ភន លាងហ៊ុន អាយុ ៥០ឆ្នាំ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលគ្រួសារអ្នកស្រីមានបង្គន់អនាម័យប្រើប្រាស់ក្នុងរយៈពេលជាងប្រាំឆ្នាំកន្លងទៅ។ អ្នកស្រីបានយល់ថាមានបង្គន់នៅផ្ទះ ងាយស្រួលប្រើប្រាស់និងបង្ហាញពីភាពថ្លៃថ្នូររបស់គ្រួសារ ។ “គ្រាន់ថាមានបង្គន់វាស្រួល សំខាន់អាពេលយប់នេះតែម្តងវាជួយបិទបាំង ងាយស្រួលពេលមុជទឹកមុជអីចឹង វាមិនដូចយើងនៅកណ្តាលវាលមានពាងមានអីល្ហល្ហេវអីញ្ចឹងអីណា…!”

បង្គន់អនាម័យរបស់គ្រួសារស្ត្រីមានសមាជិកដប់នាក់ក្នុងបន្ទុកនេះ សាងសង់អស់ទឹកប្រាស់ជាងពីរលានរៀល ឬប្រហែលប្រាំរយដុល្លារអាម៉េរិក ។
អ្នកស្រីបានឱ្យដឹងទៀតថា ទម្រាំបានបង្គន់មួយប្រើប្រាស់ គ្រួសារអ្នកស្រីត្រូវសន្សំប្រាក់យ៉ាងលំបាក ដែលបានពីរបរធ្វើចម្ការ បានប្រាក់បន្តិចបន្តួច។ ស្ត្រីរូបនេះបានព្រលយពាក្យថា៖ “បើនិយាយជីវភាពខ្ញុំមិនមានទេ ប៉ុន្តែខ្ញុំប្រឹងថាធ្វើបង្គន់មួយឱ្យបាន ព្រោះវាគ្មានអស់អីប៉ុន្មានទេ លុយប៉ុណ្ណឹងយើងអាចរកបាន ចុះបើមានជំងឺអស់លុយច្រើនម៉េចយើងមិនខ្លាចអស់ អីញ្ចឹងបានខ្ញុំដាច់ចិត្តធ្វើបង្គន់មុនគេ ”។
មានចម្ងាយប្រមាណជាងប្រាំពីររយម៉ែត្រពីផ្ទះអ្នកស្រី លាងហ៊ុន ផ្ទះមួយទៀតមានបង្គន់អនាម័យនៅក្រោយផ្ទះគឺផ្ទះរបស់ម៉ាលិ។ បង្គន់អនាម័យមានលាបពណ៌លលើជញ្ជាំងបាយអ ជាបង្គន់ចាក់ទឹកធម្មតា សង់នៅលើដីរាបស្មើក្បែរផ្ទះ យុវតី ឆៃលី ម៉ាលិ វ័យ១៧ឆ្នាំ កំពុងឈរក្បែរបង្កាន់ដៃជណ្តើរផ្ទះរបស់ខ្លួន បាននិយាយអមដោយស្នាមញញឹមថា នាងមិនដែលភ័យព្រួយពីសុវត្ថិ ភាពនៅពេលបន្ទរបង់ឡើយ ដោយសារផ្ទះមានបង្គន់ និងស្រួសប្រើប្រាស់។ “ខ្ញុំខ្លួនស្រីអីញ្ជឹងមានអារម្មណ៍ថាខ្មាស់អៀន ពេលមានវា(បង្គន់)ទៅសប្បាយចិត្ត អត់សូវខ្មាស់អៀនអីទេ អត់មានដូចនៅផ្ទះខាងនុះអីពិបាកណាស់ ដូចយ៉ាប់…” ។
បង្គន់អនាម័យក្នុងផ្ទះល្អ ប៉ុន្តែគ្រួសារខ្វះលទ្ធភាព
ស្របពេលដែលអ្នកមានបង្គន់អនាម័យប្រើប្រាស់យល់ថា បង្គន់អនាម័យមានប្រយោជន៍ចំពោះគ្រួសារនោះ យុវតី ប៉ោ ស្រីពៅ អាយុ១៨ ឆ្នាំ អ្នកឃុំពាមប្រធ្នោះ ក៏យល់ឃើញយ៉ាងដូច្នេះថា៖ “មនុស្សច្រើនពិបាកពិបាកពេលបត់ជើងបត់ដៃអី គេមើលមកឃើញអីញ្ជឹង !បើមានបង្គន់យើងស្រួល យើងកក់ក្តៅគ្មានអ្នកណាមកមើលយើង ចូលទៅបិទទ្វាជិតបាត់ហើយ វាមានអនាម័យល្អ មានភាពសប្បាយរីករាយ”។

ទឹកមុខស្រីពៅ ប្រែស្រពោនមួយរំពេចនៅពេលសួរថា ហេតុអ្វីគ្រួសារស្រីពៅគ្មានបង្គន់អនាម័យប្រើប្រាស់? សិស្សថ្នាក់ទី ១២នៃវិទ្យាល័យជីហែរូបនេះ បាននិយាយទាំងទឹកមុខមានសភាស្លេកស្លាំង ដោយសម្លឹងទៅកាន់កង់ចាស់មួយរបស់ខ្លួន បញ្ឈរក្រោមដើមស្វាយ ដែលនាងតែងជិះទៅរៀនរាល់ថ្ងៃ ហើយងាកមើលទៅប្អូនតូចៗរបស់គេទាំងពីរកំពុងរត់លេងខាងមុខផ្ទះ រួចនិយាយថា បង្គន់អនាម័យសំខាន់ ប៉ុន្តែគ្រួសារនាងគ្មានលទ្ធភាពសង់បង្គន់ឡើយ៖ “សាមសិបម៉ឺន ម៉ែគាត់ធ្វើចម្ការមួយឆ្នាំបានតែពីរដងហ្នឹង លុយឱ្យខ្ញុំទៅរៀនផង បង់គូគ្រូផង លុយស៊ីចាយ ទិញម្ហូបទិញ ហើយខ្ញុំឈឺផង មានលុយមកពីណាធ្វើបង្គន់” ។
មិនមែនមានតែគ្រួសារស្រីពៅ មួយទេដែលគ្មានបង្គន់ ជាង១០០ គ្រួសារទៀតក្នុងភូមិនេះក៏គ្មានបង្គន់អនាម័យប្រើប្រាស់ដែរ ហើយពួកគេលើហេតុផលស្រដៀងគ្នាថាគ្មានលទ្ធភាពសាងសង់បង្គនឡើង។
បញ្ហាប្រឈមរបស់អ្នកភូមិ ពេលគ្មានបង្គន់អនាម័យប្រើប្រាស់
ដោយសារមើលឃើញពីបញ្ហាប្រឈមជាច្រើនរបស់អ្នកភូមិនៅពេលគ្មានបង្គន់អនាម័យប្រើប្រាស់ កុមារក្នុងភូមិរាគរុស ក្អួត ចង្អោរញឹកញាប់ ហើយខែទឹកឡើងម្តងៗ ប្រជាពលរដ្ឋបន្ទោបង់បណ្តែតចោលតាមទឹកស្ទើរគ្រប់ផ្ទះ អ្នកស្រី ហេង ស៊ាងហៃ ជាជំនួយការឃុំពាមប្រធ្នោះ និងជាភ្នាក់ងាផ្សព្វផ្សាយពីការសាងសង់បង្គន់របស់អង្គការ WaterSHED ឬគម្រោងទីផ្សារអនាម័យក្នុងឃុំ បាននិយាយថា អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានបង្គន់អនាម័យគ្រប់ផ្ទះ ហើយបោះបង់ចោលទម្លាប់បន្ទោរបង់ពាសវាលពាសកាល។
“ពេលខ្ញុំប្រជុំម្តងៗ ខ្ញុំលើករឿងបង្គន់ហ្នឹង សុំឱ្យបង្គន់ហ្នឹងមានគ្រប់ផ្ទះតែម្តង ព្រោះដើម្បីឱ្យមានអនាម័យ! ខ្លាចមេរោគអីញ្ចឹង ធ្វើឱ្យកង្វក់ពេលភ្លៀង មេរោគឆ្លងពីមួយទៅមួយវាប៉ះពាល់ដល់សុខភាពយើង ពិសេសក្មេងតូចៗ”។

បង្គន់អនាម័យដែលអង្គការ WaterSHED កំពុងផ្សព្វផ្សាយលក់ជួយសម្រួលដល់ប្រជាពលរដ្ឋឃុំនេះ មានតម្លៃត្រឹមតែ ៣៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងនោះមានចានបង្គន់ លូស្តុក និងទុយោបង្ហូរ ដែលសមល្មមក្នុងការប្រើប្រាស់។ ដោយឡែកបង្គន់អនាម័យដែលសង់ផុតពីទឹកនៅរដូវវស្សា ដែលប្រជាពលរដ្ឋចង់បានត្រូវចំណាយថវិកាសាងសង់ច្រើនជាងនេះ តែអ្នកស្រីពុំដឹងពីតម្លៃពិតប្រាកដនោះទេ គ្រាន់តែដឹងថាអ្នកភូមិទួលកំពត គ្មានលទ្ធភាពធ្វើបង្គន់ផុតពីទឹកឡើយ។ នេះបើតាមការឱ្យដឹងពីអ្នកស្រី ស៊ាងហៃ អ្នកផ្សព្វផ្សាយពីបង្គន់អនាម័យរបស់អង្គការ WaterSHED។
ជំនួយការឃុំពាមប្រធ្នោះរូបនេះ បានបញ្ជាក់ថា ៖ “ខ្ញុំចេះតែជម្រុញឱ្យបងប្អូនគ្រប់ខ្នង ឱ្យមានបង្គន់ប្រើប្រាស់ ព្យាយាមធ្វើម៉េចក៏ដោយលុយសាមសិបម៉ឺន ម្ភៃម៉ឺនយើងចាយអស់ តែបង្គន់ធ្វើហើយមិនអស់ទេ យើងទុកតទៅទៀត បានបទជើងរហូត”។
ជុំវិញរឿងបញ្ហាបង្គន់អនាម័យនេះ លោក មាស សូរ មេភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បាននិយាយទាំងអារម្មណ៍ហាក់ខ្មាស់អៀន ខណៈផ្ទះលោកនិងផ្ទះប្រជាពលរដ្ឋភាគច្រើនក្នុងភូមិក្បែរៗនោះ គ្មានបង្គន់អនាម័យប្រើប្រាស់ដូចគ្នា ។ លោកថា ប្រជាពលរដ្ឋគ្រប់គ្រួសារក្នុងភូមិចង់មានបង្គន់អនាម័យប្រើក្នុងផ្ទះ ប៉ុន្តែអ្នកភូមិគ្មានលទ្ធភាពសាងសង់បង្គន់ឡើយ គ្មានបង្គន់អ្នកភូមិជួបបញ្ហាច្រើន។
“អាយើងអត់មានបង្គន់នេះ កាលណាបន្ទោស់បង់ បើមនុស្សចាស់វាមិនអីទេព្រោះពេលយើងបត់ជើងយើងបានកប់ តែក្មេង ! ជួនណាយើងមិនបានគិតពីវា វារត់លេងពាសវាល អីញ្ជឹងវានាំមានមេរោគដល់យើង វាមានសត្វរុយអីញ្ជឹងប៉ះពាល់ម្ហូប នាំឱ្យរាគរួសបណ្តាលឱ្យយើងលំបាកក្នុងការព្យាបាល និងចំណាយលុយកាក់ច្រើនលើរឿងហ្នឹង” ។

លោក មាស សូរ មេភូមិទួលកំពត ៖ “បើត្រឹមតែមួយរយ ពីរយដុល្លារធ្វើបង្គន់មិនបានទេ ព្រោះទឹកលិច! ដល់ខែវស្សាយើងអាចទឹកដល់ត្រឹមចង្កេះ ត្រឹមទ្រូងទៅវាខូច អីញ្ចឹងទៅធ្វើទាល់តែល្អ ! ដល់ល្អវាថ្លៃ ទាល់តែល្បាក់មួយពាន់ឡើងណា… បើទឹកលិចមក រួចវាខូចដដែល បោះចោលដដែល !” ។
ការសាងសង់បង្គន់អនាម័យសាមញ្ញនៅភូមិលិចទឹក
ទាក់ទងនឹងរឿងភូមិទួលកំពត ឃុំពាមប្រធ្នោះ ប្រជាពលរដ្ឋចង់បានបង្គន់ តែគ្មានលទ្ធភាពសាងសង់នេះ លោកថី ច័ន្ទោ មន្ត្រីទទួលបន្ទុកការងារអប់រំផ្នែកអនាម័យក្នុងសហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ឃុំពាមប្រធ្នោះ ភូមិភាគច្រើនជាតំបន់លិចទឹកនៅរដូវវស្សា ប្រជាពលរដ្ឋមានការលំបាក់ក្នុងកសាងសង់បង្គន់។
ប្រភពពី WMC ៖ ស្ត្រីជនបទចង់បានភូមិឋានគ្មានការបន្ទោរបង់ពាសវាលពាសកាល
Comments
Post a Comment