![]() |
រូបភាពពីអង្គការ Helen Keller International-Cambodia |
នៅកម្ពុជាស្ត្រីបានដើរតួនាទីសំខាន់នៅក្នុងផលិតកម្មស្បៀងអាហារក្នុងគ្រួសារ រាប់ចាប់តាំងពីកសិដ្ឋានដល់តុអាហារ។ ការផលិតកម្មស្បៀងអាហារនៅក្នុងគ្រួសាររួមបញ្ចូលទាំងការងារក្នុងវិស័យកសិកម្ម មានការចិញ្ចឹមសត្វ សួនបន្លែលក្ខណៈគ្រួសារ និងវារីវប្បកម្ម ទីផ្សារ រួមទាំងការគិតដល់បញ្ហាសុខភាពនិងអនាម័យ ដើម្បីកែលម្អអាហារូបត្ថម្ភនិងជីវភាពរស់នៅរបស់សហគមន៍នៅតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍មួយរបស់ជំនួយទីភ្នាក់អាមេរិក បង្ហាញថា ជិត ៨០ភាគរយនៃប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ក្នុងនោះ ៦៥ភាគរយ រស់នៅពឹងផ្អែកវិស័យកសិកម្ម ការនេសាទ និងអនុផលព្រៃឈើ។ មួយភាគប្រាំនៃប្រជាជនកម្ពុជាមានបញ្ហាកង្វះចំណីអាហារ មានន័យថា បរិមាណកាឡូរីដែលពួកគេទទួលបានប្រចាំថ្ងៃ មានចំនួនតិចជាងបរិមាណកាឡូរីដែលមនុស្សម្នាក់ៗ ត្រូវទទួលបានតាមការកំណត់។
ក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៦ ក្រោមប្រធានបទ «កសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម» ដែលរៀបចំឡើងនៅខែមីនា ឆ្នាំ២០១៦ កសិករស្ត្រីឆ្នើមមកពី២៥រាជធានី-ខេត្ត មានលើកឡើងថា បញ្ហាប្រឈមចំនួនបីចំពោះវិស័យកសិកម្ម ដែលជាកង្វល់របស់ស្ត្រីរួមមាន កង្វះទឹក ទុន និងកង្វះទីផ្សារ គឺជាមូលហេតុចម្បងជំរុញឲ្យមានការថយចុះ ព្រមទាំងកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងបញ្ហាខាងលើ រួមផ្សំនឹងតម្លៃផលិតផលកសិកម្មប្រែប្រួល លទ្ធភាពផលិតនៅមានកម្រិត ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាដែលប៉ះពាល់ដល់ការដាំដុះរបស់កសិករឥតឈប់ ខណៈមន្ដ្រីជំនាញកសិកម្មរបស់រដ្ឋាភិបាលកំពុងធ្វើការងារលើបញ្ហានេះ។
Comments
Post a Comment