Skip to main content

ភូមិកង្កែប អ្នកភូមិខ្សត់ទឹកនៅរដូវប្រាំង - WASH Journalists

វ៉ាត មុំ រៀបរាប់ពីការប្រើប្រាស់ទឹកប្រចាំថ្ងៃនៅក្នុងគ្រួសារ ខណៈប្រជាពលរដ្ឋទូទាំងភូមិកង្កែបទាំងមូលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះ - រូបភាពក្រុមការងារ PNN 

កំពង់ឆ្នាំង៖ "ខែប្រាំងយើងទិញទឹកដាក់ពាង ខែវស្សាអាចត្រងទឹកភ្លៀងអីប្រើបានខ្លះ! សម្រាប់ខែប្រាំង​​រយៈពេលមួយអាទិត្យ ​ជាទូទៅគ្រួសារខ្ញុំប្រើអស់បីធុង (បីធុងសាំង) ហើយ​ទឹកមួយធុង បើទឹ​ក​ថ្លាល្អគេលក់ឱ្យបីពាន់រៀល បើទឹកមិនសូវល្អ ទឹកមានពណ៌ក្រហមអី គេលក់ពីរពាន់ប្រាំ​រយ​រៀ​ល​ យើ​ងទិញមកដាក់ពាងផ្សេងគ្នា មួយសម្រាប់ហូបចុក មួយសម្រាប់ប្រើប្រាស់ផ្សេងៗ"។ នេះជាការរៀបរាប់ពីប្រភពទឹករបស់យុវតី វ៉ាត មុំ អាយុ ២៧ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិកង្កែប ឃុំ​ច្រ​ណូ​ក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គ្រួសារមុំ កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅរៀងរាល់រដូវប្រាំងជាច្រើនឆ្នាំមកហើយ​។

ភូមិកង្កែប មានភូមិសាស្រ្តស្ថិតនៅភាគខាងជើង និងមានចម្ងាយប្រមាណជាង ២៨ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ នៅក្នុងភូមិកង្កែប គ្រួសារមុំមិនខុសពីប្រជាពលរដ្ឋសរុប ៤២៩ គ្រួសារផ្សេងទៀតក៏កំពុងជួបការលំបាក​ខ្វះខាតទឹកស្អាត​ប្រើ​ប្រាស់​នៅក្នុងរដូវប្រាំងនេះដែរ​​។ ដោយសារ​ទីនេះជាតំបន់​ខ្សត់ទឹក​ មានចម្ងាយឆ្ងាយពីទីប្រជុំជនស្រុក ជាទីតាំ​ង​ពិបាកខួង ​ឬជីកអណ្ដូងទឹក​។

រដូវប្រាំងអ្នកភូមិអត់ទឹកប្រើប្រាស់ប្រចាំថ្ងៃជារឿងលំបាកមួយទៅហើយ ​វារឹតតែលំបាកមួយកម្រិ​តទៀតនៅពេលដែលជំងឺផ្លូវដង្ហើមកូវីដ​១៩ ថ្មីសន្លាង​ ​កំពុងធ្វើឲ្យប្រជាពលរដ្ឋទូទាំង​ឃុំ​ច្រ​ណូ​ក​​ទាំងមូល​ព្រួ​​យបារម្ភពីការ​ឆ្លង​រីករាល​ដាល​ដល់អ្នក​ភូមិ​។ ព្រួយបារម្ភដោយសារទីនេះ គ្មានទឹកស្អា​ត​គ្រប់គ្រាន់ដើម្បីលាងសម្អាតដៃនឹងសាប៊ូ កំពុងខ្សត់​ខ្សោយទឹកផឹក​ និងខ្វះទាំងទឹកងូតសម្អាតខ្លួនប្រាណ​។

វ៉ាត មុំ បានបញ្ជាក់បន្ថែមថា៖ "បើបុកអណ្តូងទីនេះក៏បុកអត់ចេញដែរ ដោយសារតែតំបន់នេះជាតំបន់ភ្នំដីជម្រាល បុកជម្រៅបានពីរឬបីម៉ែត្រដល់ថ្មចេញមកតែគ្រួសទេ អីចឹងយើងអត់មានទឹកប្រើប្រាស់ទេ ចាប់តាំងពីខែ១២ រហូតដល់ខែ៦ !​ គិតជាមធ្យមគ្រួសារខ្ញុំប្រើទឹកអស់មួយខែ​ពី ៤ម៉ឺនទៅ ៥ម៉ឺនរៀល ហ្នឹងគឺប្រើសន្សំសំចៃបំផុតហើយ ! ងូតទឹក ខ្ញុំងូតបានតែម្តងទេនៅ​ពេលល្ងាច ពេវ​ល​ព្រឹក​អត់​សូវបាន​ងូតប៉ុន្មានទេ បានតែចាក់លាងដៃលាងជើងតិចតួចទេ"

គ្រួសារមុំ មានបង្គន់អនាម័យប្រើប្រាស់មួយសមរម្យនឹងគេដែរ ប៉ុន្តែចៃដន្យអីរដូវប្រាំងនេះ​ខ្សត់ទឹក បង្គន់អនាម័យមានទឹកមានត្រឹមតែពីរទៅបីផ្តិលប៉ុណ្ណោះ។ មុំបានឱ្យដឹងទៀតថា អត់ទឹកវាពិតជា​លំបាកសម្រាប់ស្ត្រី ដោយសារ​ទឹកត្រូវប្រើប្រាស់ត្បិតត្បៀតបំផុតតាមតែអាចធ្វើទៅបាន ពុំនោះទេគ្មាន​ប្រាក់សម្រាប់ទិញទឹកឡើយ។

ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅប្រឡាក់ដីសក្រហម​តិចៗមើលស្ទើរមិនស្គាល់ម៉ាកម៉ូតូ មានកាតាបយូរ​ដៃ​មួយ​​ដាក់តាមជាប់ខ្លួន ពាក់ម៉ាស់ផងនោះ គឺលោកមេឃុំច្រណូក ទើបតែមកពីផ្សព្វផ្សាយសារអប់រំ​សុខភាព​ពីជំងឺកូវីដ១៩តាមភូមិ​។ ដើម្បីឱ្យដឹងស៊ីជម្រៅពីរឿងរ៉ាវប្រើប្រាស់ទឹកនៅភូមិកង្កែបនេះ លោក ឈុំ​ ឈាង មេឃុំច្រណូក ស្រុកកំពង់លែង បានឱ្យដឹងថា ប្រជាជនក្នុងភូមិកង្កែបទាំ​ង​មូ​​ល​​​ខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ហើ​យមានមធ្យោបាយដោះស្រាយតែមួយគត់ជាលក្ខណៈគ្រួសារ គឺទិញទឹកដឹកមកពីទីឆ្ងាយៗតាមរ៉ឺម៉កគោយន្ត​ជាជម្រើសល្អបំផុត។ 

លោក ឈុំ​ ឈាង មេឃុំច្រណូក ៖ "ពាក់ព័ន្ធអារឿងទឹកហ្នឹង ឃើញថាខែនេះក្តៅមែន តែយើងអា​ច​ទិញដូរទឹកគេយកមកប្រើប្រាស់បាន​តាមតម្រូវការដូចរៀងរាល់ឆ្នាំ ព្រោះកន្លែងនេះវាអត់ទឹកតាំងពី​ដើម​ម្ល៉េះ​​។​ មិនមែនថា មិនមានអណ្តូងទេ គឺមាន ប៉ុន្តែជីកវាមិនចេញ ជីកមិនទៅមុខវាមិនរួច វា​ក្តាំ​ង​​ថ្មបាត​ក្រោមវាពិបាក​"

មិនខុសពីលោកមេឃុំច្រណូកខាងលើនេះ លោក ឆែម ពៅ អាយុ៧០ឆ្នាំ អាចារ្យវត្តថ្មកង្កែប ជាចា​ស់​ទុំក្នុងភូមិក៏បានរៀបរាប់ពីការលំបាកខ្លះៗរបស់អ្នកភូមិដែរថា ៖ "តំបន់​មានភ្នំ យើងជីកអណ្តូង​ដូចជិតៗទីនេះអត់ចេញតែម្តង​ ហើយ​នៅជាយភូមិនេះជីក​អណ្តូង​អត់ចេញទឹកទេ ចង់​បានទឹកប្រើត្រូវទៅដឹកទឹកមកពីឆ្ងាយៗ យក​ទឹកអណ្តូងគេបុកខាងក្រោមៗ យកមកលក់ចែកប្រជាជនទទួល​ទា​ន​"

ងាយទៅនិយាយពីអ្នកដឹកទឹកលក់វិញម្តង។ ម៉ោង៤ល្ងាចទៅហើយ គោយន្តដឹកទឹករបស់លោក ហ៊ឹត វុទ្ធី ជាអ្នកដឹកទឹកលក់ក្នុងភូមិកង្កែបម្នាក់ក្នុងចំណោមអ្នកដឹកទឹកប្រាំគោយន្តផ្សេងទៀត​ ត្រៀ​ម​​បរចេញពីភូមិមុនថ្ងៃលិច បន្ទាប់ពីដាក់ទឹកឱ្យអតិថិជនរួច​។ មុននឹងចាកចេញលោកបាន​និយាយមូលហេតុមួយចំនួន​ជំរុញឱ្យលោក​ចា​​ប់របរជាអ្នកដឹកទឹកលក់ក្នុងភូមិថា "ភូមិឃុំយើងខ្វះទឹក ប្រជាពលរដ្ឋខ្វះទឹក ផុតពីការងារធ្វើស្រែ​មក ខ្ញុំតែងតែចាប់អាជីពដឹកទឹកលក់ក្នុងភូមិ ! ខ្ញុំដឹកទឹកមួយជើងចំណេញបានតិចតួចណា​ស់​ កា​ត់​ប្រេងអស់ទៅបាន ១ម៉ឺនរៀល ជួនកាលបាន១ម៉ឺនជាងចឹងទៅ ប្រជាពលរដ្ឋខ្លះគ្នាអ្នកខ្វះខាតក៏​ឱ្យ​ជំពាក់​សិនទៅ​ បើអ្នកមានលុយក៏ឱ្យអស់តាមហ្នឹងដែរទៅ"

សំណួរថា ហេតុអ្វីអ្នកភូមិកង្កែប និងអ្នកភូមិទូទាំងឃុំច្រណូកទាំងមូល នៅតែជួបការលំបាកដោ​យ​សា​រកង្វះទឹកស្អាតប្រើប្រាស់? ពិសេសតម្រូវការទឹកស្អាតប្រើប្រាស់ក្នុងដំណាក់កាលជំងឺផ្លូវដង្ហើម COVID-19? លោក ហ៊ូ ប៊ុនថន អភិបាលរងនៃគណៈអភិបាលស្រុកកំពង់លែង មានប្រ​សា​ស​ន៍​ថា​៖​ "យើងទទួលស្គាល់ចំពោះបញ្ហានៃការប្រើប្រាស់ទឹកបច្ចុប្បន្នសម្រាប់នៅមូលដ្ឋានផ្ទាល់ ប៉ុន្តែអ្វីដែ​ល​ជាសារសំខាន់របស់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំទៅកាន់បងប្អូនប្រជាពលរដ្ឋនោះ ទី១ គឺ​ការប្រើប្រាស់ទឹកនៅក្នុងគោលការសន្សំសំចៃ ក្នុងដំណាក់កាលខ្វះខាតទឹកនេះ គាត់អាចរៀបចំធុងបង្ហូរទឹកចេញតិចៗ ដើម្បីលាងសម្អាតដៃ ព្រោះយើងអត់ទាន់មានប្រព័ន្ធទឹកស្អាតតចូល។ ទន្ទឹមគ្នានេះផងដែរ គឺអាជ្ញាធរខិតខំដោះស្រាយជូនតាមកម្រិតលទ្ធភាព"

ទោះយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលនិយាយពីការអប់រំសុខភាពបញ្ឈៀសការឆ្លងរីករាលដាលជំងឺកូវីឌ១៩ នៅពេល​នេះ យុវតី វ៉ាត មុំ នៅតែបន្តនិយាយទាំងស្នាមញញឹមស្ងួត​ថា "សារ​អប់រំសុខភាពឱ្យលាងដៃហ្នឹង លាងសម្អាតដៃឱ្យស្អាតត្រូវតែប្រើទឹកច្រើន ប្រើសាប៊ូ អីចឹងត្រូវលាង​ដៃពីរដង ត្រូវចាក់ទឹកមុនលាងសាប៊ូហ្នឹងម្តង លាងសាប៊ូម្តងទៀត ចុះបើយើងខ្សត់ទឹកអីចឹងបានអី?"

សូមបញ្ជាក់ថា ឃុំច្រណូក ស្រុកកំពង់លែងនេះ មានបួនភូមិ មានប្រជាជនសរុបទាំងអស់ ១៨​៨​៤​គ្រួ​សារ​។ ប្រជាជនទាំងបួនភូមិ មិនទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេរហូតមក​ដ​ល់​​ឆ្នាំ ២០២០​​នេះ​។ រដូវវស្សាប្រជាជន​ត្រូវពឹងលើទឹកភ្លៀង ចំណែករដូវប្រាំងត្រូវទិញទឹកទាំងស្រុ​ង​ដែល​ដឹកល​ក់​នៅ​តាម​ភូមិ។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំស្រុកកំពង់លែង និងរដ្ឋបាល​ខេត្តកំពង់​ឆ្នាំង បានឱ្យដឹងថា អាជ្ញា​ធរ​ខេត្តកំពុងគិតគួរដោះស្រាយបញ្ហាកង្វះ​ទឹកជូន​ប្រជាពល​រដ្ឋ​ឃុំ​ច្រណូ​ក​នេះ​ឱ្យ​បានប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមគ្នានេះ ខេត្តបាន​ត្រៀមដឹកទឹកជូនប្រជាពលរដ្ឋ​ក្នុង​ករណីខ្វះខាតទឹកប្រើប្រាស់ខ្លាំង៕​

អត្ថបទ ម៉ៅ សំណាង ចុចទីនេះលម្អិតព័ត៌មាន​បន្ថែម(វីដេអូ) កម្មវិធីបេសកកម្មប្រចាំសប្តាហ៍នៃទូរទស្សន៍ភី.អិន.អិន ! 


Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...