(ភ្នំពេញ)៖ នៅឆ្នាំ២០២៥ ខាងមុខ ប្រជាពលរដ្ឋកម្ពុជារស់នៅជនបទនឹងមានទឹកស្អាតប្រើប្រាស់និងរស់នៅមានអនាម័យល្អពេញលេញគ្រប់ទីកន្លែង។ នេះជាការលើកឡើងរបស់ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៧កុម្ភៈកន្លងទៅ ។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជន បានបញ្ជាក់ថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទនឹងរស់នៅជាមួយអនាម័យផាសុកភាពល្អ និងមានទឹកស្អាតពេញលេញ១០០ភាគរយ ខណៈក្រសួងកំពុងជម្រុញពលរដ្ឋឲ្យមានបង្គន់ប្រើប្រាស់គ្រប់លំនៅឋាន និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង។
ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ៖ "ការប្រើប្រាស់បង្គន់អនាម័យជារឿងសំខាន់ ក្រសួងខិតខំប្រឹងប្រែងណាស់ជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់បំផុសនិងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋសាងសង់បង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យឱ្យបានគ្របគ្នា... យើងត្រូវធ្វើការងារនេះជាប្រចាំ ដូចភ្លៀរលឹម បំផុសហើយបំផុសទៀត ដើម្បីឱ្យគាត់ប្រែប្រួលផ្នត់គំនិតពីបត់ដៃបត់ជើងពាសវាលពាសកាល ងាកមកប្រើបង្គន់អនាម័យទាំងអស់គ្នា"។
ដើម្បីសម្រេចបានលទ្ធផលដូចការរំពឹងទុកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ទៀតថា ក្រសួងមានផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យជូនប្រជាពលរដ្ឋ ដោយទទួលបានការផ្គត់ផ្គង់ហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណងពីដៃគូអភិវឌ្ឍន៍ជាច្រើន មានទាំងអភិវឌ្ឍន៍ធំៗជាអន្តរជាតិ ទាំងទ្វេភាគីនិងពហុភាគី បន្ថែមពីលើថវិការបស់រាជរដ្ឋាភិបាល។
ក្រសួងអភិវឌ្ឍន៍ជនបទ មានអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៧ បានចុះអនុស្សរណៈយោគយល់ ក្នុងការលើកកម្ពស់អនាម័យរស់នៅប្រជាពលរដ្ឋ ជំរុញជំនាញដាំដុះ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ រួមទាំងផ្តល់ការអប់រំកុមារកំព្រាជាដើម។
សូមបញ្ជាក់ដែរ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ ក្នុងសន្និសីទនេះ មានគោលបំណងបង្ហាញពីសកម្មភាពសមិទ្ធផល និងទិសដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ ក្នុងទិសដៅជំរុញគោលនយោបាយអភិបាលកិច្ចឱ្យកាន់តែមានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រដំណាក់កាលរបស់រាជរដ្ឋាភិបាល៕
Comments
Post a Comment