លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សុំឲ្យប្រជាពលរដ្ឋជួយលើកកម្ពស់អនាម័យបរិស្ថាន ដើម្បីឱ្យបាត់ដំបងក្លាយជាគោលដៅទេសចរណ៍ដែលគ្មានសំរាមហើរតាមខ្យល់នាពេលឆាប់ៗខាងមុខនេះ។ ការលើកឡើងនេះនៅក្នុងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ក្រោមប្រធានបទ “ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ” នៅថ្ងៃទី០៥ ខែតុលានេះ។
ក្នុងសន្ទរកថានៃទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ថ្ងៃច័ន្ទនេះ លោក អ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ចូលរួមគិតគូរដល់ការថែរក្សាអនាម័យ និងបរិស្ថានឱ្យបានល្អ។ លោកបានបន្ថែមថា “ត្រូវទុកដាក់សំរាមឱ្យមាន សណ្តាប់ធ្នាប់ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើឡើងវិញនូវប្លាស្ទីកទាំងឡាយដែលអាចប្រើបាន បង្កើនការប្រើប្រាស់ Eco Bag មានដូចជាងថង់ក្រណាត់ កន្រ្តកជាដើម ពេលទៅផ្សារ និងជួយកែច្នៃកាកសំណល់ទាំងឡាយដើម្បីប្រាស់ឱ្យអស់លទ្ធភាព”។
លោកបានបន្តថា អ្នកពាក់ព័ន្ធត្រូវចូលរួមអនុវត្តនូវយុទ្ធនាការកម្ពុជាស្អាត (Cambodia Clean Up) និងយុទ្ធនាការ «ភោជនីយដ្ឋានស្អាត ភោជនីយដ្ឋានដែលគ្មានជាក្រដាសក្រោមតុ» ដើម្បីឱ្យបាត់ដំបងក្លាយជាគោលដៅ ទេសចរណ៍ដែលគ្មានសំរាមហើរតាមខ្យល់នាពេលឆាប់ៗខាងមុខនេះ។ បន្ថែមពីនេះ មន្ទីរទេសចរណ៍ខេត្តសុំឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលខ្ជះខ្ជាយ ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
គួរបញ្ជាក់ដែរថា មន្ទីរទេសចរណ៍កំពុងអនុវត្តយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និង ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” យុទ្ធនាការ «ទេសចរម្នាក់ ដើមឈើ ១ដើម» ឫក៏ប្រើពាក្យមួយថា ដាំដើមឈើផ្តើមចេញពីអ្នក និង«មិនឱ្យមានថង់ប្លាស្ទិកហើរតាមខ្យល់និងផ្លូវសារធារណៈ» ដែលជាចក្ខុវិស័យមួយក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង មានលក្ខណៈស្តង់ដារល្អប្រសើរ ដើម្បីត្រៀមខ្លួនក្នុងការទទួលកំណើនភ្ញៀវទេសចរ។
សូមជម្រាបថា ថ្ងៃច័ន្ទនេះ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងបាត់ដំបង រៀបចំកម្មវិធីអបអរសាទរទិវាពិភពលោកស្អាត (World Cleanup Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោក (World Tourism Day)ឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅសួននាគសន្តិភាព។
ក្នុងនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត អាជីវករ និងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង មានអ្នកចូលរួមសរុប ១,២៤៣ នាក់។ កិច្ចបញ្ចប់នៃកម្មវិធី គឺមានការបែងចែកសកម្មភាពសម្អាតអនាម័យជា១២ក្រុម ទៅតាមគោលដៅផ្សេងៗគ្នាទូទាំងក្រុងបាត់ដំបង៕
Comments
Post a Comment